គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រតិកម្មរឿងមន្ត្រីចាប់សាច់ពពែប្រជាពលរដ្ឋនៅខេត្តកណ្ដាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រតិកម្មរឿងមន្ត្រីចាប់សាច់ពពែប្រជាពលរដ្ឋនៅខេត្តកណ្ដាល សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រតិកម្មរឿងមន្ត្រីចាប់សាច់ពពែប្រជាពលរដ្ឋនៅខេត្តកណ្ដាល

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដោយភ្ជាប់ជាមួយវីដេអូខ្លីបមួយ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​ចោទសួរ និងឲ្យ​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ និង​អភិបាលខេត្តកណ្ដាល បំភ្លឺរឿងមន្ត្រីចុះហាមឃាត់ពលរដ្ឋមិនឲ្យសម្លាប់សត្វពពែ។

    សម្ដេចតេជោ បានលើកឡើងដូច្នេះថា «តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។»

    សម្ដេចតេជោបន្តទៀតថា «ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ។»

    ភ្លាមៗបន្ទាប់ពីសម្ដេចតេជោ​បាន​បង្ហោះសារនេះហើយ​ ឯកឧត្ដម​ វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ក៏បាន​ចូលឆ្លើយតប​ក្នុងComment ហ្វេសប៊ុក​របស់សម្ដេច ដោយលើកឡើងថា ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ។

    ឯកឧត្ដម​ រដ្ឋមន្ត្រីក្រសួងកសិកម្មបន្តថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ៕

     

    អត្ថបទទាក់ទង