គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែវិច្ឆិកាខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១​ |
    វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែវិច្ឆិកាខាងមុខ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែវិច្ឆិកាខាងមុខ

    ភ្នំពេញ៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា «ដោយមានការណែនាំផ្ទាល់ពីឯកឧត្តមបណ្ឌិត ថោង ខុន ពិធីសម្ពោធនេះ គឺធ្វើយ៉ាងណាឲ្យស័ក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា និងស័ក្ដិសមជានិមិត្តរូប នៃចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា-ចិន។ អញ្ចឹងកម្មវិធីនេះ មានទាំងកម្មវិធីសិល្បៈវប្បធម៌ផង មានទាំងកម្មវិធីកីឡាផង ដែលយើងកំពុងស្វែងរកនូវប្រភេទកីឡាណា ដែលអាចប្រកួតជាមិត្តភាពកម្ពុជា-ចិនបាន»។

    សូមជម្រាបជូនដែរថា កាលពីថ្ងៃទី១២កញ្ញា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ បន្ទាប់ពីសំណង់ដ៏អស្ចារ្យនេះ បានបញ្ចប់ការសាងសង់រួចរាល់ ១០០% កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១ កន្លងទៅ ៕

    អត្ថបទទាក់ទង