សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ឋវង្សា សៅ ទីហេង សំរិន អញ្ជើញកាន់បិណ្ឌ នៅវត្តគីរីសុវណ្ណរាម ស្ថិតនៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៣ កញ្ញានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ឋវង្សា សៅ ទីហេង សំរិន ក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលមួយចំនួនទៀត បានអញ្ជើញទៅកាន់បិណ្ឌទី១១ នៅវត្តគីរីសុវណ្ណរាម ស្ថិតនៅខេត្តក្នុងខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនេះ សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ឋវង្សា សៅ ទីហេង សំរិន បានអញ្ជើញរាប់បាត្រ បវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តានដែលបានចែកឋានទៅហើយ និងបាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងសម្ភារយ៉ាងច្រើន រួមនឹងបច្ឆ័យមួយចំនួនទៀត វេរប្រគេនដល់ព្រះសង្ឃ និងវត្តគីរីសុវណ្ណរាម ទុកសម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងវត្តនិងចែកជូនថវិកាដល់លោកយាយជី-លោកតាជីជាដើម។
សម្តេចបានក្រើនរម្លឹកដល់ ប្រជាពលរដ្ឋឲ្យបន្តអនុវត្តវិធានការ ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត តាមបែបព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋតែងតែប្រារព្ធធ្វើចាប់ផ្តើមពីថ្ងៃ១រោចខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ៕