គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ជប៉ុន​ផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សរុបជិត ៧០លានដុល្លារ ដល់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១​ |
    ជប៉ុន​ផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សរុបជិត ៧០លានដុល្លារ ដល់កម្ពុជា ជប៉ុន​ផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សរុបជិត ៧០លានដុល្លារ ដល់កម្ពុជា

    ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សរុបជាទឹកប្រាក់ជិត ៧០លានដុល្លារអាមេរិក បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» និងគម្រោងអភិវឌ្ឍជាច្រើនទៀត។

    យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៨តុលានេះ បានឲ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ដូចខាងក្រោម៖

    ១. ឥណទានសម្បទាន៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន  (ប្រមាណ ៥៨,២១ លានដុល្លារអាមេរិក)។

    ២. ហិរញ្ញប្បទានឥតសំណង៖

    –  គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)

    –  គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់  ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)

    –  សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)

    –  គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក) និង

    –  គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។

    ឥណទានសម្បទាន  និងហិរញ្ញប្បទានឥតសំណងខាងលើ  ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

    អត្ថបទទាក់ទង