សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៩ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំលើកទី១៩នេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២៕