កម្ពុជា ផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) ចំនួន ២០ម៉ឺនដូសដល់ប្រទេសវៀតណាម
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម(Sinopharm) ចំនួន ២០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានប្រគល់ជូនដល់ រដ្ឋាភិបាល និងប្រជាជនវៀតណានៅព្រឹកនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំង បានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកសាស្ត្រាចារ្យ ជិន វ៉ាន់ធួន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការផ្ដល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព ប្រជាជននៃប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ១៩ ។
លោកសាស្ត្រាចារ្យ ជិន វ៉ាន់ធួន អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម។
សូមជម្រាបជូនថា កម្ពុជាបានផ្តល់ជំនួយផ្នែកសុខាភិបាលប្រឆាំងកូវីដ១៩ ដល់រដ្ឋាភិបាល និងប្រជាជន វៀតណាមចំនួនពីរលើករួចមកហើយ ដោយលើកទី១ គឺ បរិក្ខាវេជ្ជសាស្រ្ត លើកទី២ ជាថវិកាជាង ៣០ម៉ឺនដុល្លារអាមេរិក ហើយនឹងលើកទី៣នេះ គឺជាជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២០ម៉ឺនដូស។
សូមបញ្ជាក់ជូនផងដែរថា ប្រទេសវៀតណាម ជាប្រទេសទី២ហើយ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈប្រទេសឡាវ ជាប្រទេសទី១ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសកាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ៕