លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយសម្ដេចតេជោប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀងទី ១០លាន
សៀមរាប៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លេខរៀងទី១០លាន បានទទួលជំនួយឧបត្ថម្ភ ថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមមានថវិកា១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លេខរៀងទី១០លាន គឺបានទៅលើ អ៊ុំស្រី សុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងឱកាសនោះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លោកយាយ សុខ ផាត់ គឺជាអ្នកចុងក្រោយហើយដែលទទួលបានអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន សែន ក្នុងគោលដៅការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ ចំនួន ១០លាននាក់។
ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់ជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ភ្ជាប់នូវវិធានការសុខភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ «៣ការពារ ៣កុំ» បើទោះបីបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រួចហើយក្ដី។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានផ្ដល់ជំនួយឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន ៩លើករួចមកហើយ រួមមាន៖ ទី១ ឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធ, ទី២ ឈ្មោះ ទិត ចិន្តា, ទី៣ ឈ្មោះ ស៊ុ សំអឿន, ទី៤ ឈ្មោះ សូ សយ , ទី៥ ឈ្មោះ ណុប មាន , ទី៦ ឈ្មោះ ផេង សឿន, ទី៧ ឈ្មោះ ចាន់ យីម, ទី៨ ឈ្មោះ ថឹង ថា, ទី៩ ឈ្មោះ ព្រំ កួយ និងទី១០ នៅថ្ងៃនេះ ឈ្មោះ សុខ ផាត់ ដោយម្នាក់ៗទទួលបានថវិកា ចំនួន ១០លានរៀល សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ៕
រូបភាព៖ BTV Cambodia