គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់​ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សតែម្ដងគត់នៅថ្ងៃចូលរៀនដំបូង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់​ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សតែម្ដងគត់នៅថ្ងៃចូលរៀនដំបូង ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់​ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សតែម្ដងគត់នៅថ្ងៃចូលរៀនដំបូង

    ភ្នំពេញ​៖​ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានណែនាំ​ដល់​គ្រឹះស្ថានសិក្សាទាំងអស់​ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃ​ចូលរៀន​ដំបូង ​បន្ទាប់ពីនោះ​អាចពិនិត្យក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដោយប្រើ​បណ្ណចាក់វ៉ាក់សាំង​ថត​ចម្លង​​ជាការស្រេច។ នេះបើតាមសេចក្តីណែនាំ ក្រសួងអប់រំ យុវជន​ និងកីឡា​ចេញផ្សាយ​នៅថ្ងៃទី០៣វិច្ឆិកានេះ។

    សេចក្តីណែនាំបានបញ្ជាក់ថា ដោយ​សង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន បាន​តម្រូវ​ឱ្យ​សិស្សានុសិស្ស ដាក់​តាម​ខ្លួន​នូវ​បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ​-១៩ ជា​ពិសេសកុមារតូចៗ ដែល​មិន​ទាន់​ចេះ​ថែ​ទាំ​បណ្ណ ជាហេតុអាចបណ្តាល​ឱ្យខូចខាត ឬបាត់បង់បណ្ណ។ ដូច្នេះហើយ ក្រសួងអប់រំបាន​ស្នើ​ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា​ទាំងអស់​ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់គឺនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ ហើយនៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់​ត្រួតពិនិត្យ ឬតម្រូវឲ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ណាមួយ សិស្សានុសិស្ស​អាចបង្ហាញច្បាប់ចម្លង ជាការស្រេច។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវណែនាំដល់សិស្សានុសិស្ស​ឲ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ។

    សូមជម្រាបជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចចក្រកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈ​សារសំឡេង​ពិសេស​ផ្ញើជូនអភិបាលរាជធានី-ខេត្ត និងមន្ត្រីអប់រំទាំងអស់ នៅទូទាំងប្រទេស ពិនិត្យ និងសម្របសម្រួល​ថតចម្លងបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់សិស្សប្រើប្រាស់ជំនួស បណ្ណដើម ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។

    សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត បាន​បើក​ទ្វារ​ឲ្យ​សិស្សចូល​សិក្សា​ដោយ​ផ្ទាល់វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ​សិស្ស​ដែល​ចូល​រៀន​តម្រូវឲ្យ​បង្ហាញ​បណ្ណចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ និងលាង​សំអា​ត​ដៃ​ជា​ដើម​ មុនពេលចូលសិក្សា៕

    អត្ថបទទាក់ទង