គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្អែកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្អែកនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្អែកនេះ

    ភ្នំពេញ៖ សមិទ្ធផលដែលកើតឡើងពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន​ មួយទៀត គឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់របស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និងឯកឧត្ដម​ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នាថ្ងៃទី២៣វិច្ឆិកាស្អែកនេះ។

    បើទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺកូវីដ១៩ ដែលបាន​និងកំពុង​បង្កផលប៉ះពាល់ដល់​សង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម​ ឧស្សាហកម្ម និងទេសចរណ៍យ៉ាងណាក៏ដោយ​សម្រាប់កម្ពុជា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិ័យច្បាស់លាស់របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិនេះដោយភាពស្វាហាប់ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបានកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានអត្រានៃការចាក់វ៉ាក់សាំងបង្ការខ្ពស់ជាប់លំដាប់​ថ្នាក់លេខ១នៅតំបន់អាស៊ី និងឈរលំដាប់លេខទី៥ នៅទូទាំងសកលលោក។ បន្ថែមពីលើនេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាបន្តបន្ទាប់ ដើម្បីត្រៀមស្ដារសេដ្ឋកិច្ចក្រោយ​វិបត្តិជំងឺកូវីដ១៩ លើគ្រប់វិស័យ។ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន រាជរដ្ឋាភិបាល​ក៏បានគិតគូរពីការរួមចំណែកនៅក្នុងដំណើរការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

    ស្ពានមិត្តភាពកម្ពុជា-ចិន​ ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ ៧១C (ប្រារព្ធបើកការដ្ឋានសាងសង់ថ្ងៃទី២៣វិច្ឆិកា២០២១) គឺជាគម្រោងយុទ្ធសាស្ត្រ​ប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងខេត្តជាប់ពាក់ព័ន្ធ ដូចជា ខេត្ត​កំពង់ធំ និងខេត្តក្រចេះ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជ​ដំណាំ​ផលិតផល​កសិកម្ម និងកសិឧស្សាហកម្ម ឲ្យកាន់តែរហ័យ កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

    សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិត​របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំយកសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ តម្លៃនៃសន្តិភាព បានផ្ដល់​ឱកាសឲ្យកម្ពុជាអាចធ្វើការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ ជាពិសេស​ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាក់ស្ដែងកម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុង សរុបប្រវែង ប្រមាណ ១៥.០០០គីឡូម៉ែត្រ ស្ពានធំៗ ចំនួន ២០, លើកកម្រិតព្រលានយន្តហោះឲ្យមានលក្ខណស្តង់ដារអន្តរជាតិចំនួន៣ និងកំពុងសាងសង់ព្រលានយន្តហោះស្ដង់ដារអន្តរជាតិ៣បន្ថែមទៀត នៅខេត្តសៀមរាប ខេត្តកោះកុង និងរាជធានីភ្នំពេញ, លើកកម្រិតកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យមានលក្ខណស្ដង់ដារអន្តរជាតិ ,ស្ដារផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឡើងវិញ និងកំពង់សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតពាសពេញផ្ទៃប្រទេស។

    សូមជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ មានប្រវែង ១.១៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ (ផ្លូវរថយន្ត ២គន្លង ផ្លូវម៉ូតូ ២គន្លង ផ្លូវថ្មើរជើង ២គន្លង) និងមានផ្លូវមេសងខាងស្ពានតភ្ជាប់ផ្លូវជាតិលេខ ៧១C ប្រវែង  ៨.៣២៣ម៉ែត្រ។ សរុបរួម  ទាំងស្ពាន និងផ្លូវ តភ្ជាប់មានប្រវែង ៩.៤៥៤ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងដៃ (SCG) និងត្រួតពិនិត្តបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨លានដុល្លារអាមេរិក៕

    អត្ថបទទាក់ទង