គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លទ្ធផលប្រឡងឌីប្លូមចេញហើយ សិស្សជិត ៩៦ភាគរយ ប្រឡងជាប់ ឆ្នាំនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    លទ្ធផលប្រឡងឌីប្លូមចេញហើយ សិស្សជិត ៩៦ភាគរយ ប្រឡងជាប់ ឆ្នាំនេះ លទ្ធផលប្រឡងឌីប្លូមចេញហើយ សិស្សជិត ៩៦ភាគរយ ប្រឡងជាប់ ឆ្នាំនេះ

    ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាសលទ្ធផលជាផ្លូវការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ដោយកូនសិស្សជិត ៩៦ភាគរយបាន​ប្រឡងជាប់នៅឆ្នាំនេះ ខណៈមានបេក្ខជនអវត្តមានចំនួន ៩ ២០២នាក់។

    យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​អប់រំ យុវជន និង​កីឡាចេញផ្សាយថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២១ បាន​បញ្ជាក់​ថា មានបេក្ខជន​ដល់​ទៅ ១៤១ ០៥៦​នាក់ ឬ​ស្មើ​នឹង ៩៥,៩៧​ភាគរយ បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ ក្នុង​នោះ​មាន​យុវតី ៧៧ ៤៩៥​នាក់​។

    ក្រសួងអប់រំឲ្យដឹងថា សិស្សានុសិស្ស​រហូត​ដល់ ១៥៤ ៨៩៩​នាក់ (ស្រី ៨៣ ៨២៣​នាក់) បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ (ឌីប្លូម) ក្នុងនោះមានបេក្ខជន​សរុប ១៤៥ ៦៦៨​នាក់ (​ស្រី ៧៩ ០៥៦​នាក់) បាន​ចូល​រួម​ប្រឡង ខណៈមានបេក្ខជនអវត្តមានចំនួន ៩ ២០២នាក់។

    សូមជម្រាបជូនដែរថា ការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​បឋម​ភូមិ សម័យ​ប្រឡង ១៥ វិច្ឆិកា ២០២១ មាន​មណ្ឌល​ប្រឡង​សរុប ​១៧១៧ មណ្ឌល និង​បន្ទប់សរុប ​៧ ០៦៧ បន្ទប់៕

    អត្ថបទទាក់ទង