កម្ពុជា កំពុងពិនិត្យពិចារណាចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម ៥ឆ្នាំ ដើម្បីបានចូលរៀនដោយមានសុវត្ថិភាព
ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) និងក្រសួងសុខាភិបាល ពិនិត្យ ពិចារណាចាក់វ៉ាក់សាំងដល់កុមារតូចៗ ដែលមានអាយុក្រោម ៥ឆ្នាំ ដើម្បីអាចរៀនសូត្រវិញបានដោយមានសវុត្ថិភាព។
លោកជំទាវ យក់ សម្បត្តិ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកជំទាវ និងលោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ២៩ ០៤០០ដូសបន្ថែមទៀត តាមរយៈយន្តការកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា «ខ្ញុំបានទទួលសារពីក្រុមហ៊ុនស៊ីណូវ៉ាក់មកថា បច្ចុប្បន្ននេះប្រជាជនចិនមានអាយុចាប់ពី៣ឆ្នាំឡើងទៅ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ។ …ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវី១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រសួងសុខាភិបាលធ្វើការពិចារណា និងសិក្សាឱ្យបានច្បាស់លាស់ ដើម្បីចាក់វ៉ាក់សាំងនេះ ដល់កុមារតូចៗបានចូលរៀនទទួលបានសុខសុវត្តិភាព»។
ទាក់ទងនឹងគម្រោងសាងសង់រោងចក្រផលិតវ៉ាក់សាំង លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចេញ ស.ជ.ណ ដល់ក្រុមហ៊ុនក្នុងស្រុករួចហើយ នឹងបន្តធ្វើការជាមួយទូតចិន និងក្រុមហ៊ុនចិន ដោយសង្ឃឹមថាកិច្ចពិភាក្សានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ជាមួយគ្នានេះលោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២១ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង៦០ម៉ឺនដូសបន្ថែមទៀត ពីយន្តការកូវ៉ាក់ និងពីរដ្ឋាភិបាលអូស្ត្រាលីចំនួន ២លាន៣សែនដូស។
ក្នុងឱកាសនោះដែរលោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានគូសបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសដែលមានសំណាង ក្រោមការដឹកនាំល្អរបស់រាជរដ្ឋាភិបាល ទើបក្លាយជាប្រទេសដែលមិនមានការខ្វះខាតវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋនោះទេ។
យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវី១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាលើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០១,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។ កុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៩៨,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ កុមារអាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ១០៤,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២ នាក់និងកុមារអាយុ ០៥ឆ្នាំ មាន ៩៣,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៨៨,៧២% ៕