គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យសហការីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពមន្ត្រីដោះមីន ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះមីន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២​ |
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យសហការីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពមន្ត្រីដោះមីន ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះមីន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យសហការីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពមន្ត្រីដោះមីន ដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះមីន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

    ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្តុកក្តួលនៃការបាត់បង់ជីវិត នៃមន្ត្រីដោះមីនចំនួន៣នាក់ ក្នុងឧបទ្ទវហេតុដោះមីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះ របស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីនចំនួន ៣គ្រួសារ ដល់គេហដ្ឋាន នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២២នេះ។

    សូមជម្រាបថា ក្នុងហេតុការណ៍ផ្ទុះមីននេះ គឺមានចំនួន២ករណីនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យមនុស្ស៤នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល២នាក់ ដោយហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានេះ នៅភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

    ករណីទី១ កើតឡើងនៅវេលាម៉ោង ១០៖១០នាទីព្រឹក ដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូង បណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះ ហួន លី អាយុ៤៣ឆ្នាំ ជាកងទ័ពវរៈសេនាតូច៣៩៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩។

    ករណីទី២ ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីព្រឹក នៅចំណុចវាលជាសជើងភ្នំមុំ៣ បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន៣នាក់ និងរបួសធ្ងន់ស្រាលចំនួន២នាក់។

    * ទី១៖ លោក ម៉ក ចក់ ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន ភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប

    * ទី២៖ លោក ម៉ា ស៊ីម៉េត ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន នៅភូមិក្រាំងខ្ជាយ ឃុំទឹក្រហម ស្រុកជាំក្សាន្ត ខេត្តសៀមរាប

    * ទី៣៖ លោក ស៊ុន វង់ ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន នៅភូមិត្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់យុទ្ធជនទាំង៤ គឺជាការបាត់បង់ដ៏ធំធេងនូវ ឧត្តមស្វាមី បិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ គ្រួសារ និងកូនៗ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជាដ៏ឆ្នើម ដែលបានបំពេញការងារមនុស្សធម៌ ជាច្រើនឆ្នាំកន្លងមកនេះ និងបានសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ឲ្យរួចផុតពីការគំរាមកំហែងដោយសារមីន ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

    ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ យុទ្ធជនទាំង៣ និងលោក ហួន លី បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

    អត្ថបទទាក់ទង