អ្នកចេះ គឺជាប់ !! សិស្សជាង ៦៥% ប្រឡងជាប់បាក់ឌុបឆ្នាំ២០២១ ខណៈសិស្សនិទ្ទេស A កើនឡើងច្រើន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានប្រកាសឱ្យដឹងថា សិស្សជាង ៦៥% បានប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០២១កន្លងមកនេះ ខណៈដែលមានសិស្សជាប់និទ្ទេស A កាន់តែច្រើននៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុជន និងកីឡា បានឱ្យដឹងថា បេក្ខជនជាង ៧២,០១៦នាក់ ឬស្មើនឹង ៦៥.៦៥% បានប្រឡងជាប់បាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូកន្លងមកនេះ។
ក្រសួងអប់រំបានឱ្យដឹងផងដែរថា បេក្ខជនរហូតដល់ទៅ ១,៧៥៣នាក់ បានប្រឡងជាប់ជាមួយចំណាត់ថ្នាក់និទ្ទេសA កើនឡើងច្រើនជាងឆ្នាំ២០១៩ កន្លងមកដែលមានបេក្ខជនប្រឡងជាប់និទ្ទេសត្រឹម ៤៤៣នាក់ប៉ុណ្ណោះ។ ឯបេក្ខជនប្រឡងជាប់និទ្ទេស B ក្រសួងអប់រំបញ្ជាក់ថា មានចំនួនដល់ទៅ ៥,២១៥នាក់ កើនឡើងជាងឆ្នាំ២០១៩ ដែលមានចំនួនត្រឹមតែ ២,៤៣០នាក់ប៉ុណ្ណោះ។
បើតាមក្រសួងអប់រំ រាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់និទ្ទេស A ច្រើនជាងគេងរហូតដល់ ៥៦៥នាក់ បន្ទាប់មកខេត្តសៀមរាបស្ថិតនៅលំដាប់ទី២ ដែលមានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ១៥៣នាក់ ខណៈដែលខេត្តកណ្ដាលមានចំនួន ១២៧នាក់ ខេត្តបាត់ដំបង ១២៣នាក់ ខេត្តកំពង់ចាម ១១៨នាក់។
ក្រសួងអប់រំ បានឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ មានបេក្ខជនជាប់និទ្ទេស A ចំនួន ៩៩នាក់ និងខេត្តតាកែវ មានបេក្ខជនជាប់និទ្ទេស A ចំនួន ៩៩នាក់ដូចគ្នា។
បន្ទាប់មក ខេត្តព្រៃវែង មានបេក្ខជនជាប់និទ្ទេស A ចំនួន ៨៧នាក់ ខេត្តកំពត ៧៥នាក់ ខេត្តត្បូងឃ្មុំ ៥៤នាក់ ខេត្តក្រចេះ ៤៥នាក់ ខេត្តកំពង់ធំ ១៤នាក់ ខេត្តកំពង់ស្ពឺ ៣៣នាក់ ខេត្តពោធិ៍សាត់ ២៨នាក់ ខេត្តស្វាយរៀង ២៦នាក់ ខេត្តកំពង់ឆ្នាំង ២២នាក់ ខេត្តព្រះសីហនុ ២០នាក់ ខេត្តរតនគិរី ៩នាក់ ខេត្តស្ទឹងត្រែង ៦នាក់ ខេត្តប៉ៃលិន ៦នាក់ ខេត្តឧត្ដរមានជ័យ ៥នាក់ ខេត្តកោះកុង ៤នាក់ ខេត្តព្រះវិហារ ៤នាក់ ខេត្តកែប ៣នាក់ និងខេត្តមណ្ឌលគិរី ១នាក់។
សូមជម្រាបជូនផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា នឹងជួបជាមួយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសA ទាំង១៧៥៣នាក់ ដើម្បីលើកទឹកចិត្តសម្រាប់សិស្សានុសិស្សដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេស A។ ឯពេលវេលា និងទីកន្លែងជួប និងជំរាបតាមក្រោយ តាមរយៈឯកឧត្ដម ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងបាក់ឌុបកាលពីថ្ងៃទី២៧ និង ២៨ ខែធ្នូកន្លងមកនេះ ដោយមានបេក្ខជនសរុប ១១៤,១៨៧នាក់ បានចុះឈ្មោះប្រឡងទូទាំងប្រទេស៕