ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់កើនឡើងក្នុងកំរិតប្រកាសអាសន្ន
ពោធិ៍សាត់៖ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកបានឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្នហើយ ។
បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ក្រសួង-ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនឲ្យបានជ្រាបថា សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជា វិសម្ពាធទាប ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១១ ឈ្មោះ នូល (NOUL) ពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន។ យោងតាមការព្យាករ ព្យុះនឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាងនៃប្រទេសវៀតណាមភាគកណ្ដាលនៅថ្ងៃទី១៨កញ្ញា ហើយបន្តដំណើរចូលតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ។
បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ៃ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងស្នើដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ ត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕