អ្នកជំនាញសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចតាមការគ្រោងទុក
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងងើបទៅទៅរកកំណើនសក្តានុពល ខណៈកម្ពុជាបានពង្រឹងក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ជាពិសេសការទប់ស្កាត់មានប្រសិទ្ធភាពនៃប្រភេទមេរោគថ្មី អូមីក្រុង ទាំងនេះនឹងធ្វើឲ្យកម្ពុជាសម្រេចកំណើនសេដ្ឋកិច្ចតាមការគ្រោងទុកក្នុងអត្រាប្រមាណ ៥,៦%។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកែសម្រួលជាច្រើន ជាពិសេសការសម្រួលដល់ពាណិជ្ជកម្ម ការផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគសម្រាប់វិស័យកម្មន្តសាល ការកសាងហេដ្ឋានរចនាសម្ព័ន្ធសម្រាប់វិស័យទេសចរ និងការបើកច្រក រវាងកម្ពុជា-ចិន ដែលជួយជម្រុញដល់វិស័យកសិកម្ម និងឧស្សាហកម្មនិងការបើកពាណិជ្ជកម្មកម្ពុជា-កូរ៉េជាដើម។
សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍រួមមាន៖ មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) លើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា និងហានិភ័យម៉ាក្រូសេដ្ឋកិច្ច ចម្បងៗ និងការឆ្លើយតបជាគោលនយោបាយ។
សម្រាប់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦% និងឈានជាបណើ្តរៗទៅរកកំណើនសក្តានុពលក្នុងរយៈពេលមធ្យម ដែលគាំទ្រដោយ កំណើនល្អប្រសើរ នៃតម្រូវការសកល និងការកើនឡើងញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងការរំពឹងទុកនូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៃ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែលនឹងស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅរកកំណើន សក្តានុពល និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕ ប្រភព៖ BTV News