គិតត្រឹមល្ងាចថ្ងៃទី៧កុម្ភៈ រកឃើញអ្នកឆ្លងកូវីដ១៩ ៨នាក់ទៀត លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងឺ មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីករណីរកឃើញក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ០៨នាក់ ថែមទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧កុម្ភៈម្សិលមិញ។
លោកប្រធានមន្ទីរសុខាភិបាលរាជធានីបានឲ្យដឹងថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាលទ្ធផលគិតត្រឹមម៉ោង ១៧និង០០នាទី ល្ងាចថ្ងៃទី០៧កុម្ភៈ ឆ្នាំ២០២២ មានចំនួន ៨នាក់បន្ថែមទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ វិជ្ជមាន។
មន្ទីរសុខាភិបាលរាជធានី បានណែនាំដល់ក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានការសុខាភិបាល ហើយបន្ទាប់ពីការធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នរាជធានីភ្នំពេញ៕