គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់បក្សនយោបាយ និងភាគី​ពាក់ព័ន្ធនឹង​សហការគ្នាបាន​ល្អ ជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |
    ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់បក្សនយោបាយ និងភាគី​ពាក់ព័ន្ធនឹង​សហការគ្នាបាន​ល្អ ជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់បក្សនយោបាយ និងភាគី​ពាក់ព័ន្ធនឹង​សហការគ្នាបាន​ល្អ ជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ

    ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្ស​នយោបាយ និងការឃោសនាបោះឆ្នោត ត្រូវបានបិទបញ្ចប់ នៅទីស្តីការ គ.ជ.ប ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ( គ.ជ.ប)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៩ ​ខែកុម្ភៈ ឆ្នាំ២០២២។

    ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់​ថា គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៤លើករួចមកហើយ។ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្ស​នយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះ​បញ្ជីបេក្ខជន​នៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដូចដែលគណបក្ស​នយោបាយធ្លាប់បានអនុវត្តកន្លងមក​។ ប្រធាន គ.ជ.ប បន្តថា គណបក្ស​នយោបាយ​អាច​ស្នើសុំ គ.ជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។ ប្រធាន គ.ជ.ប ក៏បានលើកឡើងថា បច្ចេកវិទ្យា​​ដែល គ.ជ.ប បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធី​គ្រប់គ្រង​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

    ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តទៀតថា ការបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ មានសារៈ​សំខាន់​ណាស់ ដែលទាមទារឱ្យមន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែន​​រដ្ឋាភិបាល និង​ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់​ត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ក្នុង​ការ​អនុវត្ត​​ការងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី​របស់ គ.ជ.ប។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន គ.ជ.ប ក៏បានណែនាំដល់លោក លោកស្រី ប្រធាន​គណៈ​កម្មការ​រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មការ​រាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុង​ការ​រៀបចំបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ខ្លួន ដើម្បីធានា​ការ​អនុវត្ត​តួនាទី និងភារកិច្ច ទទួលបានជោគជ័យ។

    ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគី​ពាក់ព័ន្ធ​នឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់​សហការ​ល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្ត​ទៅប្រកប​ដោយជោគជ័យ។

    សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ គ.ជ.ប មានមន្ត្រី បោះឆ្នោតមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាននៃ​គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ តំណាង​គណបក្ស​នយោបាយ​ចំនួន ១៦ តំណាង​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលមានអ្នកចូលរួមប្រមាណ ១៣៦ នាក់។

    យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ​២០២២​ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្ស​នយោបាយនេះធ្វើនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត៕

    អត្ថបទទាក់ទង