ជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជប៉ុនចង់ឱ្យជប៉ុន-កម្ពុជាមានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក
(តូក្យូ)៖ នៅការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ចរយៈពេល ០៤ ថ្ងៃនៅក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបន្តចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម FUMIO Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។
ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម FUMIO Kishida នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការបញ្ជាក់បន្ថែមអំពីការគាំទ្ររបស់ សម្តេចតេជោ ក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជានៅខេត្តព្រះសីហនុនាពេលខាងមុខ ហើយក្នុងនោះ សម្តេចតេជោ ក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា “គប្បីធ្វើយ៉ាងណាឱ្យខួបនេះក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ”។ ឯកឧត្តម បានបន្តថា កម្ពុជាធ្លាប់ជាប្រទេសទទួលកម្លាំង PKO ក្នុងឆ្នាំ ១៩៩២-១៩៩៣ បច្ចុប្បន្ន កម្ពុជាជាប្រទេសចូលរួមចំណែកការពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើនដែលកំពុងមានជម្លោះ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការខិតខំរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចជាកាលតែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តម នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងបានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការ PKO របស់ជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ ដោយនេះគឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសាកល ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី នាយករដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមអំពីសារៈសំខាន់ការប្រារព្ធខួបទី៧០ឆ្នាំ នៃចំណងការទូតផ្លូវការជប៉ុន-កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ ដោយបានសង្កត់ធ្ងន់ថា ខួបទី៧០ឆ្នាំនេះ នឹងជាឆ្នាំនៃការបន្តពង្រឹង ពង្រីក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយក៏សង្ឃឹមផងដែរថា កម្ពុជាដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំនឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាស៊ានកំពុងមានកង្វល់។ ជារួម ជប៉ុនចាត់ទុកកម្ពុជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម៕