ប្រធានាធិបតីរុស្ស៊ី ត្រៀមជួបចរចាជាមួយអ៊ុយក្រែនក្នុងទីក្រុង Minsk ប្រទេសបេឡារុស្ស
វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានត្រៀមបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសបេឡារុស្ស សម្រាប់ការចរចាជាមួយអ៊ុយក្រែន ខណៈកម្លាំងរុស្ស៊ីបានចូលទៅជិតដល់រដ្ឋធានីគីវរបស់អ៊ុយក្រែននៅថ្ងៃទី២ នៃការឈ្លានពានរបស់ក្រុង Moscow។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា មេដឹកនាំរុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ សម្រាប់ការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែនទៅកាន់រដ្ឋធានី Minsk របស់បេឡារុស្ស ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃជុំកិច្ចចរចាស្វែងរកសន្តិភាពនានាជុំវិញវិបត្តិអ៊ុយក្រែន។
ចំណែកអ្នកនាំពាក្យរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅលើបណ្ដាញសង្គមថា ក្រុមអ្នកតំណាងរបស់រដ្ឋាភិបាលអ៊ុយក្រែន និងរុស្ស៊ីកំពុងពិភាក្សាពីទីតាំង និងពេលវេលាសម្រាប់ការចរចានេះ។ លោកថា សម្ព័ន្ធមិត្តរបស់លោក Putin លោកប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានប្រាប់លោក Putin ថា លោកនឹងបង្កើតលក្ខខណ្ឌសម្រាប់ជំនួបកំពូលមួយ។ ប្រទេសរុស្ស៊ីមានកងទ័ពរាប់ពាននាក់ឈរជើងនៅក្នុងប្រទេសបេឡារុស្ស ហើយអ៊ុយក្រែននិយាយថា ខ្លួនកំពុងរងការវាយប្រហារពីច្រកមួយចំនួនរួមទាំងចេញពីបេឡារុស្សដែរ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវដដែលៗឲ្យមានការចរចាជាមួយមេដឹកនាំរុស្ស៊ី អំឡុងការជំរុញច្រកការទូតរយៈពេល ១សប្ដាហ៍នូវអ្វីដែលលោកខាងលិចព្រមានទប់លោក Putin មិនឲ្យវាយប្រហារលើអ៊ុយក្រែន៕ ប្រភព BTVNews