កម្ពុជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន
ក្រសួងការបរទេសកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុង ប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសកម្ពុជាបានបន្តថា នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់ តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើង នៅក្នុងប្រទេស អ៊ុយក្រែន។ យើងមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត៕