ឯកឧត្តម នេត្រ ភក្ត្រា ៖ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចមូលដ្ឋាន
ខេត្តកំពត ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ការលើកឡើងរបស់ ឯកឧត្តម រដ្ឋលេខាធិការបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខណៈពេលដឹកនាំក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិតាចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បាស់ពីតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។ ជាមួយនឹងការដើរទស្សនាកមក្សាន្ត និងការស្នាក់នៅ ភ្លក្សមុខម្ហូបរបស់ប្រជាសហគមន៍ ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយនូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋផ្សេងទៀត ជាការទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងទៀតឱ្យធ្វើដំណើរកម្សាន្ត។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងមានឱកាសពេញលេញ ក្នុងការការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ហើយបច្ចុប្បន្ន កាន់តែមានភាពល្អប្រសើរ និងជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាបានស្គាល់កាន់តែច្បាស់នូវសក្តានុពលរបស់ប្រទេសខ្លួន និងបានស្គាល់នូវតំបន់នានាដែលមានទេសភាពល្អស្អាតជាទីទាក់ទាញ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចូលរួមពីវិស័យឯកជនក្នុងការការពារនិងអភិរក្សធនធានធម្មជាតិតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពតដែលមួយផ្នែកគ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីកចម្រើន កាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត ៕ AMS