ក្រសួងការងារអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំនៅរសៀលថ្ងៃនេះ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តអំពាវនាវឲ្យភាគីវិវាទចូលរួមប្រជុំ នៅម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រសួងការងារបានឲ្យដឹងថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញតំណាងភាគី កម្មករនិយោជិត និងតំណាងភាគីនិយោជក មកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧មីនាម្សិលមិញ ប៉ុន្តែមិនឃើញមានតំណាងភាគីកម្មករនិយោជិតមកចូលរួមឡើយ ដោយមានតែតំណាងភាគីនិយោជកប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ក្រសួងការងារសូមអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំដោះស្រាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល នៅទីស្តីការក្រសួង និងសូមអនុវត្តតាមការសន្យា របស់ខ្លួន ដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យខ្លួនបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយមិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតី នៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់វិវាទការងារនេះឡើយ៕