គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប លុបបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពាក់ព័ន្ធករណីក្លែងឯកសារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២​ |
    គ.ជ.ប លុបបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពាក់ព័ន្ធករណីក្លែងឯកសារ គ.ជ.ប លុបបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពាក់ព័ន្ធករណីក្លែងឯកសារ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីក្លែងឯកសារ ដែលឲ្យអ្នកផ្សេងបំពេញ និងចុះហត្ថលេខាជំនួស ។

    យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពី​លទ្ធផល​សវនាការជាសាធារណៈ ដោះស្រាយពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរបស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី បានឆ្លើយនៅក្នុងសវនាការ គឺឈ្មោះបេក្ខជន ៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅ​សង្កាត់ទួលស្វាយព្រៃ១ ពួកគេមិនបានសរសេរ និងផ្ដិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន នៃគណបក្សមួយនេះ ។

    សេចក្តីប្រកាសព័ត៌មាន បានបន្តថា តាមការឆ្លើយរបស់លោក យ៉ែម សារ៉ាក់ តំណាង​គណបក្ស​ភ្លើងទៀន​ ក្នុងសវនាការបានទទួលស្គាល់ថា ​បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបាន​បំពេញ​ឯកសារ​ដូចការ​លើកឡើងរបស់ដើមបណ្ដឹងចោទប្រាកដមែន ។

    លោកក៏ទទួលស្គាល់របាយការណ៍ ​ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវ​របស់មន្ត្រី​អគ្គ​លេខា​ធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់​ចម្លើយ​របស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារ​គណបក្ស​ភ្លើងទៀន ​នៅខណ្ឌបឹងកេងកង ​ជា​បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន មួយ​ចំនួន​មិនបានបំពេញ ​និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រម​ឈរឈ្មោះ​ជាបេក្ខជនដោយផ្ទាល់នោះទេ​ គឺក្រុមការងារគណបក្សជាអ្នកបំពេញ ​និងចុះហត្ថលេខាជំនួស ។

    សេចក្តីប្រកាសព័ត៌មានដដែល ​បានបន្ថែមថា ​បន្ទាប់ពីពិនិត្យ ​និងពិចារណារគ្រប់អង្គហេតុ និង​អង្គច្បាប់រួចមក​ ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប យល់ឃើញថា ​ផ្អែកតាមមាត្រា ​៤២ នៃច្បាប់ស្តីពី ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន​ ត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។

    ប្រភព បានបញ្ជាក់ថា​ ដោយយល់ឃើញថា គ​ណបក្សភ្លើងទៀន ​បានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមាន​ចែងក្នុងច្បាប់ស្តីពី​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា ក្រុម​ប្រឹក្សាជំនុំជម្រះ គ.ជ.ប បាន​សម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជន​ឈរ​ឈ្មោះនៃគណបក្សភ្លើងទៀន ​នៅសង្កាត់ទួលស្វាយព្រៃ១ និងឲ្យ​គណៈកម្មការរៀបចំការ​បោះឆ្នោត​សង្កាត់នេះ បដិសេធ ​និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន​ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ព្រមទាំង​ដកហូត​ និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជន ​នៃគណបក្សនយោបាយ និងសេចក្តី​សម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) ​នៃគណបក្សភ្លើងទៀន នៅសង្កាត់មួយនេះ ៕ BTV News

     

    អត្ថបទទាក់ទង