វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង៣លានដូសទៀតជាជំនួយរបស់មិត្តចិន បានដឹកមកដល់កម្ពុជាហើយ
ភ្នំពេញ៖ វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៣លានកន្លះ និងសឺរ៉ាំងចាក់វ៉ាក់សាំង ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា តាមយន្តហោះចំនួន២ជើងនៅព្រឹកថ្ងៃទី៣០មីនានេះ ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយមន្ត្រីសុខាភិបាលជាច្រើនរូប បានអញ្ជើញមកទទួលការមកដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៣លានកន្លះ និងសឺរ៉ាំងម្ជុលចាក់វ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(VIP)។ សរុបពីរថ្ងៃជាប់គ្នា មានចំនួន៥លានដូស និងសឺរ៉ាំងម្ជុលចាក់វ៉ាក់សាំង ចំនួន ៥លាន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវរដ្ឋលេខាធិការមានប្រសាសន៍ថា វ៉ាក់សាំងចំនួន ៥លានដូសនេះ គឺជាជំនួយក្នុងចំណោម២០លានដូស ដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់បន្ថែមដល់កម្ពុជា។ នាពេលខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីយន្តការកូវ៉ាក់ ចំនួន៧លាន៥សែនដូស ចាប់ពីដើមខែមេសា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះវ៉ាក់សាំងជំនួយរបស់មិត្តចិន នៅចំនួន១៥លានដូសទៀត កម្ពុជានឹងស្នើឲ្យចិនផ្តល់ជូនចាប់ពីក្រោយខែកញ្ញា ឆ្នាំ២០២២ខាងមុខទៀត៕