សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើមនៃអ្វីទាំងអស់នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានឲ្យតម្លៃពីគុណតម្លៃ សុខសន្តិភាពតាំងពីទសវត្សរ៍ឆ្នាំ១៩៧៩មកម្ល៉េះ ដែលកត្តាសន្តិភាពទាំងនេះហើយ គឺជាចំណុចចាប់ផ្ដើមនៃអ្វីទាំងអស់នៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ សម្តេចតេជោបន្ត នាពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងស្វែងរកសន្តិភាព និងការពារសន្តិភាព ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែនបានកំពុងបន្ត។ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ពេលវេលានេះ ម៉ោងនេះ កម្ពុជាកំពុងធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសអ៊ុយក្រែនកំពុងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាដោយសារសង្រ្គាម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើសិនគ្មានសន្តិភាពទេ កុំនិយាយពីការអភិវឌ្ឍ ហើយក៏កុំនិយាយទៅដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដែរថា មិនប្រាកដថាអ្នកដែលទន្ទេញចាំមាត់រឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្រលាញ់ និងចូលរួមដោះស្រាយបញ្ហាទាំងនោះឡើយ ដែលជាក់ស្តែងយើងមើលឃើញពីបណ្តាប្រទេសទាំងនោះ កំពុងរើសអើងជាតិសាសន៍ និងមិនខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យឡើយ៕