CAMSOC បង្ហាញទីតាំងចំនួន៣ សម្រាប់ត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ លោក ជា បូរ៉ា ប្រធានគណៈកម្មការទីលានប្រកួត នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបង្ហាញឲ្យដឹងអំពីទីលានប្រកួតចំនួន៣ទីតាំង ដែលត្រូវបានកំណត់រួចហើយ សម្រាប់ត្រៀមស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ទីលានប្រកួតចំនួន៣ទីតាំងនោះ មានពហុកីឡដ្ឋានជាតិមរតកតេជោ (ស្ថិតនៅខណ្ឌជ្រោយចង្វារ) ដែលជាកន្លែងប្រារព្ធពិធីបើក-បិទស៊ីហ្គេមឆ្នាំ២០២៣ផង និង ជាកន្លែងប្រកួតកីឡាមួយចំនួនផង ហើយទីតាំងមួយទៀត គឺពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ជាកន្លែងប្រកួតកីឡាមួយចំនួនធំដែរ។ ចំពោះទីតាំងទី៣ គឺនៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ជាទីតាំងសម្រាប់ការប្រកួតប្រភេទកីឡាលើទឹកមួយចំនួន។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងដែរថា ការរៀបចំទីលាន ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និង ការរៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានជួសជុលឡើងវិញ នាថ្ងៃទី២៨កញ្ញាខាងមុខនេះ ព្រមទាំងអញ្ជើញធ្វើដំណើរទស្សនកិច្ចត្រួតពិនិត្យលើទីលានហ្វឹកហាត់ និងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រមាណ១០ប្រភេទកីឡា ក្នុងពហុកីឡដ្ឋានជាតិផងដែរ។
អគ្គលេខាធិការ CAMSOC បញ្ជាក់ថា នេះគឺគោលដៅ នៃការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធ ដែលខ្វះខាតមិនទាន់ត្រូវតាមស្តង់ដារ ឬមិនទាន់មាន គឺត្រូវកសាងបន្ថែម ដើម្បីបំពេញបន្ថែមឲ្យសមស្របតាមស្តង់ដារបច្ចេកទេស សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ក្រៅពីដំណើរទស្សនកិច្ចលើទីលានប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបន្តត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងដំណើរការសាងសង់កីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ស៊ីហ្គេម ក៏ដូចជាគ្រោងពិនិត្យទីលានប្រកួតមួយចំនួនទៀតនៅទីនោះដូចជា អាងហែលទឹក កីឡដ្ឋានក្នុងសាល ទីលានអត្តពលកម្ម បាល់ទះ វាយកូនបាល់ បាល់បោះ…ដែលបានបញ្ចប់ការសាងសង់រួចរាល់នៃដំណាក់កាលទី១ កន្លងទៅ។ ទីលានប្រកួតមួយចំនួន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ធ្លាប់បានប្រើប្រាស់រួចហើយនាពេលកន្លងមក ខណៈភូមិកីឡាកំពុងដំណើរការសាងសង់នៅទីនោះ ដើម្បីឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកស្នាក់នៅ ហូបចុក ដែលអាចផ្ទុកមនុស្សបានប្រមាណ១ម៉ឺននាក់៕ ប្រភព៖ កម្ពុជាថ្មី