រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងស្ថានទូតអាមេរិក រៀបចំសន្និសីទរួមគ្នាពិភាក្សាពីអត្ថប្រយោជន៍នេះអនុសញ្ញា Cape Town
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ RoseWood-Phnom Penh មានកិច្ចសហការរៀបចំសន្និសីទរួមគ្នារវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល(SSCA), Boeing Company និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាលើការរៀបចំផ្តល់សច្ចាប័នអនុសញ្ញា Cape Town ស្តីពី ផលប្រយោជន៍អន្តរជាតិនៅក្នុងចលនទ្រព្យ (ទ្រព្យសកម្ម)។
អនុសញ្ញាអន្តរជាតិ Cape Town ត្រូវបានរៀបចំឡើងរួមគ្នាដោយវិទ្យាស្ថាន UNIDROIT និងអង្គការ ICAO ហើយបានអនុម័តនៅទីក្រុង ខេបថោន ប្រទេសអាហ្វ្រីកខាងត្បូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានគោលបំណងសម្របសម្រួលដល់ការផ្តល់ហិរញ្ញប្បទានជាទ្រព្យសកម្ម ឬការជួលអាកាសយាន និងសម្ភារៈបរិក្ខាអាកាសចរ។
ថ្វីបើអនុសញ្ញាអន្តរជាតិនេះជាទូទៅត្រូវបានគេប្រើភាគច្រើននៅក្នុងវិស័យអាកាសចរស៊ីវិលក៏ដោយ ក៏អនុសញ្ញានេះអាចអនុវត្តបានផងដែរចំពោះវិស័យផ្សេងៗទៀតស្របតាមពិធីសារខុសៗគ្នានៃអនុសញ្ញា ដូចជា រថភ្លើង អាវកាស រ៉ែ កសិកម្ម និងបរិក្ខាសំណង់ជាដើម ហើយរហូតមកទល់ពេលនេះមានប្រទេសចំនួន៧៨ប្រទេសហើយដែលបានចុះ ផ្តល់សច្ចាប័នគិតត្រឹមខែកក្កដា ឆ្នាំ២០២០នេះ និងដោយឡែកមានប្រទេសចំនួន១៦ នៅអាស៊ីបានផ្តល់សច្ចាប័ន រួមមានៈ Afganistan, Australia, Bangladesh, China, Fiji, India, Indonesia, Kazakstan, New Zealand, Malaysia, Mongolia, Myanmar, Pakistan, Singapore, Tajikistan and Vietnam។
កិច្ចប្រជុំពិភាក្សាថ្ងៃនេះគឺផ្តោតជាសំខាន់ទៅលើ៖
១) អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីចុះហត្ថលេខារួមមានៈ
-ការកាត់បន្ថយថ្លៃចំណាយលើការខ្ចី និងការទទួលហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងកិច្ចប្រតិបត្តិការអាកាសយាន
-កាត់បន្ថយថ្លៃចំណាយលើការជួលឬការទិញអាកាសយាននិងគ្រឿងបរិក្ខា
-បង្កើនជម្រើសហិរញ្ញប្បទាន
-តម្លៃសំបុត្រមានតម្លៃទាបជាងមុន
-ជួយសម្រួលដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានលទ្ធភាពអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅលើទីផ្សារអន្តរជាតិតាមរយៈឱកាសទទួលបានហិរញ្ញប្បទានសមភាព។
២) ឧត្តមានុវត្តន៍ក្នុងការរៀបចំផ្តល់សច្ចាប័នលើអនុសញ្ញា។
ក្រៅពីកិច្ចប្រជុំពិភាក្សាអនុសញ្ញានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកឡើងផងដែរអំពីកិច្ចការទូទៅពាក់ព័ន្ធនឹងស្ថានការបច្ចុប្បន្ន ដូចជាជំងឺកូវីដ-១៩ ដែលឯកឧត្តមអគ្គរដ្ឋទូតអាមេរិកបានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានចាត់វិធានការបានទាន់ពេលវេលា ហើយឯកឧត្តមអគ្គរដ្ឋទូតក៏បានសន្យានឹងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀតលើវិស័យអាកាសចរតាមរយៈការជួយជាអ្នកជំនាញ និងជួយដល់ការកសាងនូវឯកសារចាំបាច់មួយចំនួន៕