គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «មានតែតុលាការទេដែលអាចបញ្ចប់ការតវ៉ាគ្មានហេតុផល និងខ្វះភាពឡូហ្សិករបស់អតីត បុគ្គលិកណាហ្គាវើលដ៏»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២​ |
    លិខិតមិត្តអ្នកអាន៖ «មានតែតុលាការទេដែលអាចបញ្ចប់ការតវ៉ាគ្មានហេតុផល និងខ្វះភាពឡូហ្សិករបស់អតីត បុគ្គលិកណាហ្គាវើលដ៏» លិខិតមិត្តអ្នកអាន៖ «មានតែតុលាការទេដែលអាចបញ្ចប់ការតវ៉ាគ្មានហេតុផល និងខ្វះភាពឡូហ្សិករបស់អតីត បុគ្គលិកណាហ្គាវើលដ៏»

    រហូតមកទល់ពេលនេះ ដំណោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងអតីតបុគ្គលិក២០០នាក់នៅតែបន្តអូសបន្លាយដោះស្រាយមិនចេញ បើទោះបីជាកិច្ចចរចារកដំណោះស្រាយក្រោមការសម្របសម្រួលពីក្រសួងការងារបានធ្វើឡើងជាច្រើនលើកហើយក៏ដោយ។

    ចំណុចគន្លឹះដែលធ្វើឲ្យរាំងស្ទះដល់កិច្ចចរចានេះគឺការទាមទាររបស់សហជីពកម្មករឲ្យក្រុមហ៊ុនទទួលយកអតីតបុគ្គលិកទាំង២០០នាក់ចុងក្រោយដែលមិនព្រមទទួលយកសំណង ឲ្យចូលធ្វើការវិញ ចំណែឯភាគីនិយោជកបដិសេធមិនព្រមទទួលយកកម្មករទាំងនោះចូលធ្វើការវិញជា
    ដាច់ខាត។

    ឥឡូវនេះ យើងសាកល្បង
    ស្វែងយល់ពីជម្រៅនៃវិវាទការងារមួយនេះ។

    ជាទូទៅ នៅក្នុងវិវាទការងារ សហជីពកម្មករច្រើនតែទាមទារឲ្យនិយោជកគោរពលក្ខខណ្ឌការងារ ឬទាមទារឲ្យនិយោជកផ្តល់អត្ថប្រយោជន៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងជាពិសេសពេលនិយោជក បញ្ឈប់កិច្ចសន្យាការងារ ត្រូវផ្តល់សំណងនិងអត្ថប្រយោជន៍ទាំងឡាយ
    ឲ្យស្របតាមច្បាប់ការងារជាដើម។ ប៉ុន្តែ ចម្លែកអ្វីតែអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏មួយក្រុមនេះ បែរជានៅក្រាញននៀលទាមទារឲ្យនិយោជកយកខ្លួនចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ?

    ការទាមទារបែបនេះត្រូវបានគេមើលឃើញថាខ្វះភាពឡូហ្សិក និងហាក់មានរបៀបវារៈនៅពីក្រោយខ្នងហើយចំណុចដែលគួរពិចារណាមានដូចតទៅ៖

    ទី១៖ អតីតបុគ្គលិកទាំងអស់នោះធ្លាប់បានរិះគន់ក្រុមហ៊ុនណាហ្គាវើលដ៏ថាជាក្រុមហ៊ុនបរទេសជិះជាន់កម្មករខ្មែរ និងជាក្រុមហ៊ុនដែលមិនបានផ្តល់ប្រយោជន៍ពិតប្រាកដដល់បុគ្គលិកកម្មករ។
    ត្រង់នេះ សំណួរដែលចោទ ឡើងគឺ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀល ចង់ធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលខ្លួនរិះគន់យ៉ាងខ្លាំងបែបនេះទៅវិញ? បើក្រុមហ៊ុននេះអាក្រក់
    គួរតែពួកគេត្រេកអរពេលក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារដោយផ្តល់សំណងនិងអត្ថប្រយោជន៍គ្រប់បែបយ៉ាងតាមច្បាប់ការងារដើម្បីពួកគេអាចទៅរកការងារថ្មីធ្វើនៅក្រុមហ៊ុន ណាដែលខ្លួនស្រឡាញ់ ពេញចិត្ត។

    «នៅលើពិភពលោកយើងនេះ
    តើមានបុគ្គលិកកម្មករណាននៀលទាមទារចង់ធ្វើការនៅកន្លែងដែលខ្លួនយល់ឃើញថា ជិះជាន់និងគ្មាន ប្រយោជន៍ដល់ខ្លួនបែបនេះ? ចម្លើយគឺគ្មានទេ។ ដូច្នេះ ករណីអតីតក្រុមហ៊ុនណាហ្គាវើលដ៏ គឺជារឿងដ៍ចម្លែកនិងច្បាស់ណាស់ពិតជាមានអ្វីនៅពីក្រោយខ្នងហើយ។

    ទី២៖ តើមានច្បាប់ណា ឬ មាត្រាណាចែងអំពីការបង្ខិតបង្ខំឲ្យនិយោជកត្រូវទទួលយកបុគ្គលិកកម្មករដែលគេមិនពេញចិត្តអោយចូលធ្វើការវិញដែរឬទេ? ទោះច្បាប់ការងារនៅក្នុងប្រទេសណាក៍ដោយក៏មិនដែលបានចែងយ៉ាងដូច្នេះដែរពីព្រោះការជ្រើសរើសបុគ្គលិកគឺជាសិទ្ធិរបស់និយោជកដោយគ្មាននរណាអាចបង្ខិតបង្ខំបានឡើយ ជាពិសេសនិយោជិតឬសហជីពមិនអាចបង្ខំឲ្យនិយោជកទទួលយកខ្លួនទៅធ្វើការដោយគ្មានការយល់ព្រមពីនិយោជកឡើយ។ បើដូច្នេះ តើសំអាងលើអ្វីដែលសហជីពទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកអតីតបុគ្គលិកដែលត្រូវបានគេបញ្ឈប់ឲ្យចូលធ្វើការវិញ?

    ទី៣៖ បើគិតពីពេលវេលាដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះតវ៉ាគឺមានរយៈជាច្រើនខែមកហើយ។ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀលចង់បានការងារនៅក្នុង
    ក្រុមហ៊ុនដែលគេមិនស្វាគមន៍ដោយប្រើរយៈពេលយូរយ៉ាងនេះ?
    តើពួកគេបានថវិកាមកពីណាដើម្បីចិញ្ចឹមគ្រួសារបើការងារក៏គ្មាន ចំណែកឯពេលវេលាត្រូវចំណាយទាំងស្រុងទៅលើការតវ៉ាទៅហើយនោះ? តើនរណាជាអ្នកចិញ្ចឹមការតវ៉ានេះ? ហើយពួកគេមានបំណងអ្វី?

    ទី៤៖ ទីលានប្រជាធិបតេយ្យត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រជាពលរដ្ឋ កម្មករ និយោជិត សម្តែងមតិ ប៉ុន្តែ ពួកគេមិនព្រមទៅតវ៉ានៅទីនោះឡើយ បែរជាមកតវ៉ាកន្លែងក្រុមហ៊ុនដែលនាំដល់ការរំខានដល់ដំណើរការរបស់ក្រុមហ៊ុន និងធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។ តើហេតុអ្វីបានជាពួកគេ
    ធ្វើយ៉ាងដូច្នេះ? តើជាការតវ៉ាដើម្បីរកដំណោះស្រាយការងារ ឬក៏ជាចេតនានៃការ បង្កការរំខាននិងអុកឡុក?

    ទី៥៖ ក្រសួងការងារបានសម្របសម្រួលឲ្យមានជំនួបចរចារកដំណោះស្រាយចំនួន ៨លើកមកហើយ តែនៅតែគ្មានបានលទ្ធផលអ្វីឡើយពីព្រោះជារៀងរាល់លើក ដំណោះស្រាយត្រូវបានរាំងស្ទះនៅត្រង់ការទាមទារឲ្យក្រុមហ៊ុនទទួល យកអតីតបុគ្គលិកទាំងនោះចូលធ្វើការវិញ។

    ដូច្នេះ ទំនងជាដល់ពេលដែលគួរត្រូវប្រើជម្រើសចុងក្រោយហើយ នោះគឺការបញ្ជូនសំណុំរឿងទៅតុលាការដើម្បីសម្រេចសេចក្តី ពីព្រោះយន្តការ ករុមប្រឹក្សាអាជ្ញាកណ្តាលនិងការសម្របសម្រួលរបស់ក្រសួងការងារត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចដោះស្រាយបាន។ ក្នុងន័យនេះ មានតែតុលាការទេដែលអាចកាត់សេចក្តីជាចុងក្រោយ។

    សរុបមកវិញ បើគ្មានរបៀបវារៈនៅពីក្រោយខ្នងទេ ការតវ៉ានេះក៍មិនអាចអូសបន្លាយរហូតដល់ពេលនេះបានឡើយ។ ការអត់ធ្មត់របស់អាជ្ញាធរមានសមត្ថកិច្ច និងកិច្ឋខិតខំប្រឹងប្រែងរបស់ក្រសួងការងារដើម្បីសម្របសម្រួលក៏បានធ្វើដល់កម្រិត ហើយដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយដោយសារតែចេតនាចង់បង្កការរាំងស្ទះពីសំណាក់អតីតបុគ្គលិកមួយក្រុមនេះ។

    នៅពេលដែលយន្តការសម្របសម្រួលត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចរកច្រកចេញ បានដោយសារតែលក្ខខណ្ឌ មិនសមស្របនិងមិនសមហេតុផលនៃការទាមទារ មានតែវិធានការច្បាប់ទេ ពោលគឺយន្តការតុលាការតែមួយគត់ដែលអាចសម្រេចបិទបញ្ចប់រឿងនេះបាន៕
    ដោយៈ អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង