គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង៩០ភាគរយ នឹងបញ្ចប់នៅខែកក្កដាខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២​ |
    គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង៩០ភាគរយ នឹងបញ្ចប់នៅខែកក្កដាខាងមុខ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង៩០ភាគរយ នឹងបញ្ចប់នៅខែកក្កដាខាងមុខ

    ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍន​ភាព​ការងារ​បាន​៩០,៩៥%​ហើយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ក្នុង​ពេល​វេលា​សមស្រប​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងដំណើរដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិត នៃ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សា​ស្វែងយល់​ពីការងារ​សាង​សង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និង​ប៉ូល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតា ដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើផ្លូវជាតិ​លេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេ​ដើម្បីឱ្យខេត្តព្រះសីហនុ​ក្លាយទៅ​ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយ​ផ្លូវល្បឿន​លឿននេះ​នឹងចូលរួមបម្រើ​ផែនការមេ​នេះ​ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

    សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការ​សាកល្បង​នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

    គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជា​គម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើ​ដំណើរ​ពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

    អត្ថបទទាក់ទង