ឯកឧត្ដម ប្រាក់ សុខុន កោតសរសើរការរួមចំណែករបស់អូស្ត្រាលីក្នុងដំណើរការសន្តិភាពរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី ជាពិសេសរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីពេលនោះជាមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវសមិទ្ធផលនានាដែល UNTAC សម្រេចបាននៅកម្ពុជា ក្នុងការអនុវត្តគោលដៅសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមទាំងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ បើទោះបីជាមានការធ្វើពហិការបស់ក្រុមខ្មែរក្រហម និងការបន្តសង្រ្គាមបែបឧទ្ទាមរបស់ពួកនេះក៏ដោយ។
ខាងក្រោមនេះជាលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ UNTAC នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។