លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៥ ជូនពលរដ្ឋក្នុងស្រុកឱរ៉ាល់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រើប្រាស់។
លោកជំទាវប្រធានមូលនីធិបានឱ្យដឹងថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចជោ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
លោកជំទាវ ពេជ ចន្ទមុន្នី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមអំពាវនាវដល់បងប្អូនអញ្ជើញទៅទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩។ លោកជំទាវបន្ថែមថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាម រយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង។
ប្រជាពលរដ្ឋ បានសម្តែងនូវអំណរគុណ និងក្ដីសប្បាយរីករាយយ៉ាងក្រៃលែងដោយបានទទួលនូវអំណោយជាអណ្ដូងទឹកនាពេលនេះ ដែលជាតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ៕