គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាងសម្ដេចតេជោ អញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២​ |
    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាងសម្ដេចតេជោ អញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩  ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាងសម្ដេចតេជោ អញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ 

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នៅសណ្ឋាគារសុខា ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត ​ថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន និងអង្គការ UNESCO ប្រចាំកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីមូលនិធីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត រួមនឹងដៃគូពាក់ព័ន្ធ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ដើម្បីចូល​រួម​អបអរ​សាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ ឆ្នាំ២០២២នេះ ក្រោម​ប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។ កម្ពុជា ជាប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​​សេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហរសិទ្ធិសេរីភាព​គ្រប់​បែប​យ៉ាង​ដល់​ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានា​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​ស្មើគ្នាចំពោះមុខច្បាប់ និងភាពសុដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា និង​ការ​គោរព​​ឱ្យ​តម្លៃគ្នាទៅវិញទៅមក ក៏ដូចជាឱកាសប្រកបដោយ​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ  រួមមាន៖ ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ​ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ, ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និង​ពី​ក្រោម​ឡើង​លើ,​ ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុ​ចូល​សម្រាប់​គោលន​យោបាយរបស់រាជរដ្ឋាភិបាល, ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះត្រង់, និងទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និង​គ្រប់​ជ្រុង​​ជ្រោយ​ប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈ​ដែល​ព័​ត៌មាន​ក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។

     

    ឯកឧត្ដម​បន្តថា ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈ​ក្នុង​ការ​វិភាគ​ពិចារណាប្រកបដោយហេតុផល និងការសម្រេច​ចិត្តរបស់​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងថតភាពពិតជាក់ស្តែងរបស់សង្គម ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើ​យ៉ាង​ណាឆ្លើ​យ​តប​ទៅ​នឹង​​តម្រូវ​ការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និង​សារព័ត៌មាន​ប្រជាជន​តាម​បណ្តាញ​សង្គម​បច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាព​ឱ្យ​បងប្អូន​អាច​បំពេញ​ភារកិច្ច​ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត បាន​គូសបញ្ជាក់ថា អ្នកសារព័ត៌មាន មានសិទ្ធិអំណាចចូលរួម​តាមដាន​ត្រួតពិនិត្យ​សកម្មភាព​របស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល, ប្រជាពលរដ្ឋ និងអ្នក​សារព័ត៌មាន​ជាសហភាតរៈផ្ទាល់ សំដៅធ្វើយ៉ាងណាលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដោយគ្រប់​គ្នា​មាន​សិទ្ធិស្មើគ្នាចំពោះមុខច្បាប់, ស្ថិតនៅក្រោមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។ តម្លៃ​ពិត​ប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវ​ធ្វើ​ឱ្យ​គេ​គោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗអាចចាប់ផ្តើមពីសកម្មភាពផ្ទាល់របស់ខ្លួនយើង។ ចំពោះ​អ្នក​សារព័ត៌មាន គឺអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈ​ការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំស្វែងរក និងផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គម។ អ្វីដែលរាជរដ្ឋាភិបាល អាចធ្វើបានទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺការគាំពារ និងបើកលំហរសិទ្ធិ និងសេរីភាពក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមជាមួយ​នឹង​ការ​ឧបត្ថម្ភ​គាំទ្រ និងបង្កលក្ខណៈផ្សេងៗទៀត​ស្របទៅតាម​ដំណើរ​វិវឌ្ឍ​រីក​ចម្រើន​រប​ស់​ប្រទេស​យើង​។

    ពិតណាស់ នៅក្នុងយុគសម័យឌីជីថលនេះ មានការប្រកួត​ប្រជែង​ដ៏​ស្រួច​ស្រាល់​នៅ​ក្នុង​វិស័យ​ព័ត៌មាន ដែលបង្កើតបានជាបញ្ហាប្រឈមធំនៅក្នុងឧស្សហកម្មនេះ។ យ៉ាងណាក៏ដោយ ស្រប​ពេល​ដែលរាជរដ្ឋាភិបាលមានការបើកទូលាយ និងលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស​ក្នុង​មជ្ឈដ្ឋានយុវជន បញ្ហានេះក៏អាចប្រែក្លាយទៅជាកាលានុវត្តភាពទៅវិញ ប្រសិន​បើ​ស្ថាប័ន​-អង្គភាពនៅក្នុងវិស័យនេះ អាចកែលម្អ និងអភិវឌ្ឍ​បត់បែន​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវត្ត​ប្រែប្រួល​នៃ​សភាពការណ៍ ដោយចេះរៀបចំខ្លួនតាមរយៈការកំណត់ចក្ខុវិស័យច្បាស់លាស់, ផែន​ការ​សកម្មភាពហ្មត់ចត់ និងរចនាសម្ព័ន្ធការងារសមស្រប រួមផ្សំជាមួយ​នឹង​គុណភាព​នៃ​ព័ត៌មាន​ដែល​ពិត​ត្រឹមត្រូវ និងលឿនរហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្លាំង​នៃ​ការប្រ​កួត​ប្រជែង ជាពិសេសភាពទាក់ទាញ ដែលអាចស្រូបយកប្រជាប្រិយភាព និងទំនុក​ចិត្ត​របស់​សាធារណជន៕

    អត្ថបទទាក់ទង