គ.ជ.ប ៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍ក្រោយ
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល អ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។
គ.ជ.ប បានបញ្ជាក់ផងដែរថា អំឡុងពេលនេះ មិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឡើយទេ ដូច្នេះ សុំឱ្យគណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់។គ.ជ.ប ចាត់ទុកថា រាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពី មាត្រា ៧០ ត្រូវទទួលទោសតាមមាត្រា ១៨៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
សកម្មភាពឃោសនាបោះឆ្នោតនេះ មានរយៈពេល ១៥ (ដប់បួន) ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត ស្របតាម មាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចំនួន ១៧ (ដប់ប្រាំពីរ) បានចូលរួមប្រកួតប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមឃុំ-សង្កាត់ ដែលសាមីគណបក្ស នយោបាយបានចុះបញ្ជីបេក្ខជនផ្លូវការ។
គ.ជ.ប សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយផ្លូវការ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោត និងក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប៕