គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា អះអាងប្រាប់អាមេរិកជាថ្មីពីគោលការណ៍រដ្ឋធម្មនុញ្ញដែលហាមឃាត់​វត្ត​មាន​យោធា​បរទេស​នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២​ |
    ប្រមុខការទូតកម្ពុជា អះអាងប្រាប់អាមេរិកជាថ្មីពីគោលការណ៍រដ្ឋធម្មនុញ្ញដែលហាមឃាត់​វត្ត​មាន​យោធា​បរទេស​នៅកម្ពុជា ប្រមុខការទូតកម្ពុជា អះអាងប្រាប់អាមេរិកជាថ្មីពីគោលការណ៍រដ្ឋធម្មនុញ្ញដែលហាមឃាត់​វត្ត​មាន​យោធា​បរទេស​នៅកម្ពុជា

    ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាប្រាប់ទៅសហរដ្ឋអាមេរិកជាថ្មី អំពីគោលការណ៍រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឱ្យ​មានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជា។

    ការអះអាងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី​ជួបពិភាក្សាការងារ​ទ្វេភាគី​ជាមួយ​លោក​ជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេស នៃសហរដ្ឋអាមេរិក នៅក្រសួង​ការ​បរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។​

    ក្នុងជំនួបនេះលោកជំទាវអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាពឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រ​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរ​ពីគោលការណ៍​នៃ​ការគោរព​បូរណភាព​ទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃ អង្គការ​សហប្រជាជាតិ។ លោកជំទាវអនុរដ្ឋមន្ត្រី បានលើកឡើងពីកង្វល់​មួយចំនួន​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​មូល​ដ្ឋាន​ទ័ព​ជើង​ទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

    ចំពោះការ​អភិវឌ្ឍន៍​មូលដ្ឋាន​ទ័ពជើង​ទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បាន​អះអាង​សាជាថ្មី​អំពី​ការ​ប្រកាន់​ខ្ជាប់​របស់​កម្ពុជា​ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែល​ហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការ​អនុញ្ញាតឱ្យ​មាន​ដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាន​នេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែល​មិនធ្លាប់​មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា។

    អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជាមាន ភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបាន រៀបចំការ​បោះឆ្នោត​យ៉ាងទៀង​ទាត់​ចាប់តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោត​ទាំងនោះ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។

    លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយ​ការ​បោះឆ្នោត​ឃុំសង្កាត់នាពេលខាងមុខនឹងផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួ​ម​ប្រកួត​ប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង២០០០, អង្គការ​ក្រៅ​រដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុង​រោង​ចក្រ​តែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌​ប្រជាធិបតេយ្យ​របស់កម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិ និងសេរីភាពមិនមែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ៕

     

     

    អត្ថបទទាក់ទង