សម្ដេចតេជោ ហ៊ុន សែន៖ ក្រោមនយោបាយ ឈ្នះ ឈ្នះ នាឆ្នាំ១៩៩៨ វិស័យទេសចរកម្ពុជាមានកំណើនគួរជាទីមោទនៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដោយការធ្វើសមាហរណកម្មអតីតកងកម្លាំងខ្មែរក្រហមក្នុងមហាគ្រួសារខ្មែរ នាឆ្នាំ១៩៩៨ វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងសារលិខិតនេះបានឲ្យដឹងថា វិស័យទេសចរណ៍នៅតែស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ទនៈ និងការនាំចេញផលិតផលគីមី នាំមកការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។
សម្ដេចតេជោបានបង្ហាញថា រយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺបន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព ស្ថិរភាព នយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិពីគ្រប់ភាគី ក្រោមនយោបាយ ឈ្នះ ឈ្នះ ដោយការធ្វើសមាហរណកម្មអតីតកងកម្លាំងខ្មែរក្រហមក្នុងមហាគ្រួសារខ្មែរ នាឆ្នាំ១៩៩៨ វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិតែជាង ២៨ម៉ឺននាក់ ឆ្នាំ១៩៩៨ ដល់ ៦,៦លាននាក់នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។
ចាប់ពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោក បានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផងដែរ។ ស្ថិតក្នុងកាលៈទេសៈក៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវផងដែរដល់ពលរដ្ឋគ្រប់រូប ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សូមបន្តចូលរួមគាំទ្រ និងរួមចំណែកឲ្យប្រពៃណី ការពារបរិស្ថាន លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ រក្សាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖