គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ឃួង ស្រេង ដឹកនាំហែក្បួនយុទ្ធនាការឃោសនា សំរាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃចុងក្រោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២​ |
    ឯកឧត្ដម ឃួង ស្រេង ដឹកនាំហែក្បួនយុទ្ធនាការឃោសនា សំរាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃចុងក្រោយ ឯកឧត្ដម ឃួង ស្រេង ដឹកនាំហែក្បួនយុទ្ធនាការឃោសនា សំរាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃចុងក្រោយ

    ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ដឹកនាំហែក្បួនយុទ្ធនាការឃោសនា សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃចុងក្រោយ ដែលមានការជួបជុំនៅ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ដោយមានអ្នកចូលរួមជាង ២ម៉ឺននាក់។ ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ៦០ម៉ែត្រ ចំណែកកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។ក្បួនដង្ហែត្រូវបានធ្វើឡើងតាមមហាវិថី តិរៈវិថី និងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាមួយគ្នានេះ នៅតាមបណ្តាខណ្ឌទាំង១៤ខណ្ឌ ក៏បានដង្ហែក្បួនតាមមូលដ្ឋានរបស់ខ្លួន​ដែលបង្ហាញឲ្យឃើញពីថាមពល​ដ៏ខ្លាំងក្លារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនានេះ។

    តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញមានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួន ៨៩៩.៦៨៨នាក់, ចំនួនការរិយាល័យបោះឆ្នោតសរុបមាន ២.១៩៧, ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន ២៦៥ទីតាំង, ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន៦៨៩ការិយាល័យ, ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់មាន១៩ការិយាល័យ។

    គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញ ក្នុងចំណោម១៧គណបក្ស ដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។

    គណបក្សទាំង១១រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សខ្មែររួបរួមជាតិ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ, គណបក្សកម្ពុជាជាតិនិយម, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ខ្មែរ។

    ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយះពេល១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែបដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២ និង២០២៧៕

    អត្ថបទទាក់ទង