ឯកឧត្តម ជាម យៀប ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ចំនួន៤ឃុំ នៅស្រុកពាមរក៍
ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាស្រុកពាមរក៍ខេត្តព្រៃវែង បានប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង នៅបរិវេណសួនច្បារអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។
ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យនាពេលនេះ គឺដោយសារគណបក្ស ប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្ស។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអំពាវនាវអោយ សមាជិកសមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំសង្កាត់របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលតែងតែជួយអភិវឌ្ឍបណ្តាភូមិ ឃុំ ខេត្តទាំងពីរមានការអភិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទយុទ្ធនាការបោះឆ្នោតក៏មានការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅតាមដែនរដ្ឋបាលឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរ៉ឺម៉ក់ ជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសំឡេងឧឃោសនស័ព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕