ទីបំផុតក្រុមហ៊ុនទេសចរណ៍ Wendy Wu បានចេញលិខិតសុំទោសកម្ពុជា ជាសាធារណៈហើយ!
ក្រុមហ៊ុនទេសចរណ៍ Wendy Wu ដែលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋខ្មែរ បានចេញលិខិតសុំទោសជាសាធារណៈហើយ បន្ទាប់ពីក្រុមហ៊ុននេះបានសរសេរពាក្យ Vietnam លើរូបប្រាសាទអង្គរវត្តកាលពីកន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ Wendy Wu មានទីតាំងនៅប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេស បានផ្សព្វផ្សាយកម្មវិធីទស្សនកិច្ចមកតំបន់អាស៊ីអាគ្នេយ៍ដែលមានរូបភាពតំបន់ទេសចរណ៍ជាច្រើនរួមតាំងប្រាសាទអង្គរវត្តផងដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺក្រុមហ៊ុនទេសចរណ៍មួយនេះបានច្រឡំដាក់អក្សរ Vietnam លើរូបប្រាសាទអង្គរវត្ត ដែលធ្វើឲ្យមានការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសាធារណជន។
ក្រសួងទេចរណ៍បានប្រតិកម្មជាបន្ទាន់ដោយធ្វើការស្រាវជ្រាវ និងទំនាក់ទំនងទៅក្រុមហ៊ុននេះតាមរយៈ Facebook Page និងE-mail ដោយផ្ទាល់ ដើម្បីឲ្យធ្វើការកែសម្រួល និងសុំទោសជាសាធារណៈផងដែរ។
ពេលនេះក្រុមហ៊ុនទេសចរណ៍ Wendy Wu ក៏បានឆ្លើយតប និងទទួលស្គាល់កំហុសតាមរយៈលិខិតជាផ្លូវការ ព្រមទាំងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជានៅលើទីផ្សារអស់គ្លេស អូស្ត្រាលី និងនូវែលហ្សេឡង់៕