គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​ ជុន ច័ន្ទបុត្រ​៖ អាមេរិក​ ដាក់សម្ពាធ​មិន​ឲ្យអាស៊ីសេរីផ្សាយចំណុចអវិជ្ជមាន​របស់ខ្លួនឡើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០​ |
    លោក​ ជុន ច័ន្ទបុត្រ​៖ អាមេរិក​ ដាក់សម្ពាធ​មិន​ឲ្យអាស៊ីសេរីផ្សាយចំណុចអវិជ្ជមាន​របស់ខ្លួនឡើយ​ លោក​ ជុន ច័ន្ទបុត្រ​៖ អាមេរិក​ ដាក់សម្ពាធ​មិន​ឲ្យអាស៊ីសេរីផ្សាយចំណុចអវិជ្ជមាន​របស់ខ្លួនឡើយ​

    លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) បានរិះគន់សហរដ្ឋអាមេរិកថា បានដាក់សម្ពាធមិនឲ្យវិទ្យុអាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានរបស់ខ្លួនឡើយ។ លោក ជុន ច័ន្ទបុត្រ បានចាត់ទុកថា ការដាក់បំរាមបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព វិជ្ជាជីវៈ និងភាពឯករាជ្យរបស់ប្រព័ន្ធផ្សព្វផ្សាយ។

    ការបកអាក្រាតអាមេរិកដោយលោក ជុន ច័ន្ទបុត្រ បានធ្វើឡើងនៅចំពោះមុខ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងលោក សុខ រដ្ឋា (ហៅ រដ្ឋា វិសាល) ក្នុងពេលទទួលទានអាហារជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «ដាល់» ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

    ក្នុងពេលទទួលទានអាហារនោះ លោក ជុន ច័ន្ទបុត្រ បានសន្ទនាជាមួយលោក ម៉ៅ សុផាន់ រយៈពេល ១ម៉ោង៤៥នាទី ហើយត្រូវបានឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយខ្សែអាត់សំឡេងនេះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

    លោក ជុន ច័ន្ទបុត្រ បានទម្លាយប្រាប់លោក ម៉ៅ សុផាន់ យ៉ាងដូច្នេះថា៖ «អាស៊ីសេរីអត់ឲ្យរាយការណ៍ពីអាមេរិកកាំងទេ ដូច្នេះទោះបីអាមេរិកកាំងធ្វើខុសយ៉ាងណាក៏ដោយ ក៏អាស៊ីសេរីអត់ផ្សាយដែរ ពីព្រោះថា យើងអត់មានផ្សាយពីរឿងនោះទេ អាហ្នឹងការងាររបស់ VOA ទៀតហើយ ហើយ VOA គេផ្សាយគោលនយោបាយរបស់អាមេរិកកាំង តែតាមពិតកាសែតអាមេរិកកាំងច្រើនណាស់ តែរដ្ឋាភិបាលអាមេរិកកាំងធ្វើខុសគឺជេរពេញណាពេញណី មាន CNN មានស្អីៗ BBC អីហ្នឹង ជេររដ្ឋាភិបាលអាមេរិកកាំង កាសែតយើងអត់ឲ្យរាយការណ៍ពីអាមេរិកកាំងទេ យើងអត់មានអ្នកយកព័ត៌មានសម្រាប់រាយការណ៍ពីអាមេរិកកាំងទេ»

    សំឡេងសន្ទនាដ៏សម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានទម្លាយជាបន្តបន្ទាប់ ដើម្បីលាតត្រដាងការពិត បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ បានបំភ្លៃការពិតតាមរយៈការសរសេរនៅលើ Blog របស់លោកវាយប្រហារមកលើ លោក ហ៊ុន ម៉ាណែត ដោយសារតែមានការខឹងសម្បារមិនបានអន្តរាគមន៍ ជួយលោកនៅពេលតុលាការចោទប្រកាន់។

    លោក ជុន ច័ន្ទបុត្រ បានចូលមកប្រទេសកម្ពុជា ជាលើកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។ ទោះជាយ៉ាងនេះក្តី លោក ជុន ច័ន្ទបុត្រ ទំនងជាត្រូវបានមេរបស់ខ្លួនចាត់តាំងឱ្យបន្លំលួចចូលពន្ធនាគារ តាមរយៈអតីតសមាជិកគណបក្សប្រឆាំងមួយចំនួន ដើម្បីស៊ើបការណ៍នៅទីនោះ ដែលករណីនេះហើយ បានក្លាយជាកំហុសព្រហ្មទណ្ឌ ធ្វើឱ្យលោកត្រូវបានតុលាការចោទប្រកាន់ រហូតដល់រត់ភៀសខ្លួនជាបន្ទាន់ពីប្រទេសកម្ពុជា។

    មុនពេលចេញពីកម្ពុជា លោក ជុន ច័ន្ទបុត្រ ធ្លាប់ឆាតទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីសុំជួយអន្តរាគមន៍មិនឱ្យតុលាការចោទប្រកាន់លោក ឬអនុវត្តនីតិវិធីផ្សេងៗ ប៉ុន្តែសម្រាប់លោក ហ៊ុន ម៉ាណែត ករណីនេះលោកជំរុញឱ្យ លោក ជុន ច័ន្ទបុត្រ កុំមានការភ័យខ្លាច ហើយចូលរួមអនុវត្តតាមនីតិវិធីតុលាការផងដែរ។ នេះបើតាម លោក រដ្ឋា វិសាល ដែលជាសាក្សីសំខាន់ក្នុងជំនួបសម្ងាត់រវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត៕ ប្រភព​៖ FreshNews

     

    បញ្ចេញមតិ
    អត្ថបទទាក់ទង