ពិព័រណ៍ការងារឆ្នាំនេះ នឹងផ្តល់ឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់ សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ
ភ្នំពេញ៖ ពិព័រណ៍ការងារឆ្នាំនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងបរិវេណអាគារ KAMPUS ដែលមានអាសយដ្ឋាន អគារ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវឱកាសការងារប្រមាណ ៣២០០កន្លែង ពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា។
ពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារ តាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ ជួបសម្ភាសផ្ទាល់ ព្រមទាំងទទួលបានការប្រឹក្សាយោបល់អាជីព និងការងារ ក្នុងការត្រៀមចូល ទីផ្សារការងារ ។
យុវជន និងអ្នកស្វែងរកការងារ អាចចាប់យកឱកាសការងារ ពីពិព័រណ៍នេះឲ្យបានទាន់ពេលវេលាដោយចូលរួមទស្សនា, ជួបសួរព័ត៌មានពីដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងរៀបចំប្រវត្តិរូបឲ្យបានច្រើន ដើម្បីត្រៀមដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនធំៗជាច្រើន។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕