កម្ពុជានឹងប្រារព្ធទិវា៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ៖ នៅសល់តែរយៈពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធទិវា៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា ឆ្នាំ១៩៧៧-២០មិថុនា ឆ្នាំ២០២២)។
ការប្រារព្ធនេះធ្វើឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សមមិត្ត ហ៊ុន សែន ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ ដែលបានធ្វើមហាពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤៥ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន និងសមមិត្តមួយចំនួនទៀតបាន យកជីវិតទៅប្រថុយប្រថាននឹងគ្រោះថ្នាក់បំផុត ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងស្នើសុំកម្លាំងវៀតណាមឲ្យមកជួយរំដោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលរងទុក្ខវេទនាយ៉ាងខ្លាំងពីការកាប់សម្លាប់របស់ កងកម្លាំង ប៉ុល ពត។
ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមធ្វើដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះជាតិ ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។
សូមបញ្ជាក់ថា កម្ពុជាប្រារព្ធទិវាដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជាសាសន៍ប៉ុល ពត នេះជារៀងរាល់ថ្ងៃទី២០ ខែមិថុនា ដើម្បីក្រើនរំលឹកដល់កូនចៅខ្មែរជំនាន់ក្រោយ ឲ្យយល់ដឹក និងចងចាំនូវភាពដឹកនាំដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាតួអង្គអ្នកដឹកនាំមួយរូប បានប្តូរជីវិតជាមួយនឹងការស្វះស្វែងរកសន្តិភាព ការសង្រ្គោះជាតិនៅក្នុងភពខ្មៅងងឹត និងមហន្តរាយជូនប្រជាជាតិទាំងមូលនោះ៕