សម្ដេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ១៩ មិនបានរារាំងដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍជនបទក្នុងប្រទេសឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេចផ្ទាល់ថា ជំងឺកូវី១៩ មិនបានរារាំងដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍជនបទក្នុងប្រទេសយើងឡើយ។
សម្ដេចតេជោ បានសរសេរផ្ដើមដោយពាក្យ «អរគុណសន្តិភាព» ជំងឺកូវីដ-១៩ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍជនបទនៅក្នុងប្រទេសយើងឡើយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។
សម្ដេចតេជោបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ នេះ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍ និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ក៏គ្រោង នឹងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕