គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ (CSP)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២​ |
    កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ (CSP) កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ (CSP)

    ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​កាល​ថ្ងៃទី១២កក្កដា​ម្សិលមិញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូត​កម្ពុជា​បាន​ប្រសាសន៍​បញ្ជាក់​ឡើងវិញអំពីការ​គាំទ្រ​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ដៃគូ​សន្ទនាអាស៊ាន-អាមេរិក​ទៅ​ជាដៃ​គូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ(CSP)។

    នាឱកាសនោះ ឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានជម្រាបជូន ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី ប្រាក់ សុខុន ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា នៅ​ក្នុង​តួនាទី​នា​ពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បី​គាំទ្រ​ចំពោះ​ភាព​ជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

    ក្នុងជំនួបនេះដែរ ភាគីទាំងពីរ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេសអាស៊ានសហរដ្ឋអាមេរិក ដែលត្រូវបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន នៅក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងមកនេះ។

    ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែល​ជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ។

    នៅក្នុងក្របខណ្ឌអាស៊ាន ភាគីទាំងពីរ បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ដៃ​គូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។  ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​គាំទ្រ​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន-អាមេរិក ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។

    ឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះ​ការគាំទ្រ​នេះ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ៕

    អត្ថបទទាក់ទង