គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅខេត្តចំនួន៣ ដែលប្រឈមខ្លាំងជាងគេ
ភ្នំពេញ៖ នៅថ្ងៃទី១៤កក្កដា ឆ្នាំ២០២២នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គណៈកម្មាធិការជាតិគ្រោងនឹងបំពាក់ឧបករណ៍ការពាររន្ទះបាញ់នៅខេត្តដែលប្រឈមខ្លាំងជាងគេចំនួន៣ នៅប្រទេសកម្ពុជា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីបាតុភូតរន្ទះ។
អ្នកនាំពាក្យបានបន្តថា យើងនឹងបំពាក់ឧបករណ៍ការពាររន្ទះបាញ់នេះនៅខេត្តប្រឈមខ្ពស់នឹងអត្រារងគ្រោះ និងស្លាប់ច្រើនជាងគេក្នុងនោះរួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ លោកបានបញ្ជាក់ថា តាមពិតនៅកម្ពុជាមានរាជធានី-ខេត្តស្ទើទាំង២៥ទៅហើយដែលបានទទួលរងគ្រោះដោយសាររន្ទះបាញ់នេះ តែខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តទាំង៣នេះ ដោយក្នុង១ឆ្នាំៗមានមនុស្សស្លាប់ និងរងគ្រោះច្រើនជាងគេ។ ដូចនេះហើយទើបយើងគ្រោងនឹងបំពាក់ឧបករណ៍ការពាររន្ទះមុនគេ។ លោកបន្តថា មុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយត្រូវរៀបចំផែនការអោយបានច្បាស់លាស់ពិសេសស្វែងរកពីដៃគូក៏ដូចជារាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ។
លោកបានឲ្យដឹងបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ និងចុះទៅសិក្សានៅខេត្តសៀមរាប ពោធិ៍សាត់ និងបាត់ដំបង ដើម្បីពិនិត្យមើល និងវាយតម្លៃពីតម្រូវការជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះ គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសចំនួន២៣នាក់ ក្នុងនោះស្លាប់ដោយរន្ទះបាញ់ចំនួន ១០នាក់ និងរបួស៩នាក់ និងស្លាប់ដោយគ្រោះអគ្គិភ័យ ១ នាក់ រងរបួស ៣ នាក់។
សូមរម្លឹកដែរថា ក្នុងវេទិការជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី២៩ ធ្វើឡើងនៅថ្ងៃទី១៣កក្កដាម្សិលមិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា នៅកម្ពុជាមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ កើតមានជារៀងរាល់ឆ្នាំបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ក្នុងនោះមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម។ ប៉ុន្តែបញ្ហាគ្រោះមហន្តរាយ អ្នកពាក់ព័ន្ធតែងគិតលើចំណុចផ្សេងៗ មិនបានគិតចំពោះបញ្ហារន្ទះបាញ់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាច្រើន ជារៀងរាល់ឆ្នាំផងដែរ ដូចនេះលេខាធិការដ្ឋានតាមបណ្ដារាជធានីខេត្ត ត្រូវមើលតំបន់ណាខ្លះ ដែលតែងកើតមានរន្ទះ ហើយនៅឆ្នាំនេះ គ.ជ.គ.ម គ្រោងគិតពីថវិកាជាតិ និងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យលទ្ធភាពដោះស្រាយបញ្ហានេះ៕