គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២​ |
    លិខិតមិត្តអ្នកអាន៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា? លិខិតមិត្តអ្នកអាន៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

    ប្រទេសកម្ពុជា​​​​​​ ត្រូវបានគេប្រសិទ្ធនាមថាជាដែនដីសុវណ្ណភូមិ ដែលសម្បូរណ៍​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​ច្រើន​ប្រភេទ ទាំងរ៉ែមាស ត្បូងមានតម្លៃ ព្រៃឈើ សមុទ្រ ទន្លេ បឹងបួរ ហើយកត្តាអាកាសធាតុក៏អំណោយផល​ល្អ​ដល់​​ការ​រស់​នៅ​របស់មនុស្សសត្វ និងការដំាំដុះដំណាំគ្រប់ប្រភេទ។ លើស​ពី​សម្បត្តិ​ធម្មជាតិ​ដ៏សំបូរ​បែប​ដែល​រៀប​រាប់​មិនអស់ កម្ពុជាពិតជាមានសំណាងធំណាស់ ដែលមាន​នូវ​សម្បត្តិ​បេតិក​ភ័ណ្ឌ​វប្បធម៌​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ដែលបានបន្សល់ទុកពីដូនតាមក។ តាមរយៈវត្ថុបុរាណ បុរាណដ្ឋាន ប្រាង្គប្រសាទបុរាណ និង​សម្បត្តិ​វប្បធម៌​ទាំងរូបិយ និងអរូបិយជាច្រើនអនេក បានបង្ហាញពិភពលោកឱ្យដឹងថា កម្ពុជា​ពិត​ជាប្រទេស​ដែល​មាន​អារ្យ​ធម៌​ដ៏រុង​រឿង​គួរ​ជាទីមោទន។​ ក្នុងអតីតកាល ខ្មែរធ្លាប់ជាមហានគរដ៏រុងរឿង សុះសាយ ល្បីរ​ន្ទី​នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍នេះ បើទោះ​បី​ប្រជា​ជាតិ​ខ្មែរ​បាន​ឆ្លង​កាត់​ប្រវត្តិ​សាស្ត្រ​ដ៏គួរ​ឱ្យ​សោក​ស្តាយ​និង​រន្ធត់​នៅ​ចុង​សតវត្សទី២០កន្លងទៅនេះក្តី។

    សម្រាប់ស្ថានភាពសង្គមជាតិនាពេលបច្ចុប្បន្ននេះ យុវជនជំនាន់ថ្មីដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ​តើ​ពួកគេយល់យ៉ាងណាដែរ?

    តាម​ការ​ធ្វើ​សង្កេតស្រាវជ្រាវលើការសិក្សារៀនសូត្រ ការងារ ប្រាក់ចំណូលគ្រួសារ និងជីវិតរស់នៅ​ជាក់​ស្តែង​ក្នុង​សង្គមកម្ពុជាបច្ចុប្បន្ន​ បានបង្ហាញថា ប្រជាជនសម័យថ្មីនេះ ជាពិសេស យុវជន យុវនារី ដែល​កើត​ក្រោយ​ថ្ងៃ​រំដោះ​​៧មករា ពួកគេកំពុងមានមោទនភាពនឹងជីវិតបែបស៊ីវីល័យ ភាគច្រើនមិនសូវខ្វល់ខ្វាយ ឬចាប់​អារម្មណ៍​​ខ្លាំង​ទៅ​លើ រឿងរ៉ាវអតីតកាលរបស់កម្ពុជានោះទេ ដោយ​សារ​តែ​ពួក​គេ​រវល់​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទៅ​លើ​ជីវិត​រស់នៅប្រចាំថ្ងៃរបស់ពួកគេ ទាំងការសិក្សារៀនសូត្រ និងការប្រកបរបរចិញ្ចឹមជីវិត។ ប្រជា​ពល​រដ្ឋ​ខ្មែរ​សម័យ​នេះ ពួកគេគិតគូខ្លាំងពីអនាគត និងការប្រកួតប្រជែង​ក្នុង​បរិបទ​សាកល​ភាវូប​នីយ​កម្ម​ដ៏សម្បូរបែប។ បច្ចុប្បន្ន គេអាចនិយាយបានថា ការរីកចំរើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា​ វិទ្យាសាស្ត្រ និង​លំហូរយ៉ាង​លឿន​នៃការរស់នៅតាមបែបផែនវប្បធម៌​សាកល​ភាវូប​នីយកម្ម​មកក្នុងសង្គមកម្ពុជា បាន​និង​កំពុង​នាំ​ឱ្យយុវជនខ្មែរសម័យថ្មី ស្ទុះស្ទារ និង​ប្រឹង​ប្រែង​ខ្លាំង​ទៅ​លើការចង់ចេះចង់ដឹងនូវ ចំណេះវិជ្ជាថ្មីៗ បច្ចេក​វិទ្យា​ថ្មី ដើម្បី​ជួយ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ​ការ​ប្រកួត​ប្រជែង​អាជីវ​កម្ម​ និងអនាគតរបស់​ពួក​គេ​និង​កូន​ចៅ​របស់​ពួកគេ។ យុវជនមួយចំនួនទៀត បាន​និង​កំពុង​ប្រឹង​ប្រែង​កសាង​ឧត្តមភាព កេត្តិ៍ឈ្មោះក្នុងសង្គម និង​គុណ​តម្លៃរៀងៗខ្លួន ដោយ​ខ្លះ​ខំ​រៀន​ក្នុង​ស្រុក​ឱ្យបានពូកែ ព្រមទាំងបន្តការសិក្សាទៅក្រៅប្រទេស និង​ជុំវិញ​ពិភព​លោក នូវ​ថ្នាក់​សិក្សា​ជាន់​ខ្ពស់​ថែម​ទៀតផង។ ការរីក​ចំរើន​ទាំងនេះ ជាកក្តា​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​ខ្មែរ​សម័យ​ថ្មី រីកចំរើនខ្លាំងជាងមុន និង​បាន​លឿន​រហ័ស ទាំង​ចំណេះ​ដឹង ការវិវត្តនៃផ្នត់គំនិត និង​រីក​ចំរើន​ទាំង​ជីវ​ភាព មុខរបរ និង​សេដ្ឋ​កិច្ច​សង្គម​ជា​ទូទៅ​ផង​ដែរ។

    ចុះអ្វីទៅជាកត្តាស្នូល ដែលជួយឱ្យប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ន មានភាពរីកចំរើនបានលឿនរហ័ស ទាំង​ចំណេះដឹង ជីវភាព និងភាពស៊ីវីល័យ ដូចប្រទេសជឿនលឿននោះ? ចម្លើយដ៏ត្រឹមត្រូវសម្រាប់សំណួរនេះ គឺ កត្តាសុខសន្តិភាពទាំងស្រុង ទូទាំងប្រទេស ដែលកម្ពុជា​ កសាង​បាន​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រក្សាការពារបានជិត២៤ឆ្នាំមកហើយ គឺពិតជាសំខាន់លើសអ្វីៗទាំងអស់។ មាន​សុខ​សន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា​នឹង​បន្ត​រីក​ចំរើន​ជឿន​លឿន​ទៅ​មុខ​ជា​លំដាប់​ឥត​ឈប់ឈរ។ ស្ថានភាពល្អប្រសើរនៃប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ គឺ​មិន​អាច​កើត​មាន​បាន​ឡើយ ប្រសិន​​បើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសព្វរបស់មេដឹកនាំខ្មែរសម័យបច្ចុប្បន្ន។ មេដឹក​នាំ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលស្គាល់ថាពិតជាមានទេពកោសល្យក្នុងការដឹកនាំខ្ពស់ និង​មាន​ភាពបត់បែនដ៏ឈ្លាសវ៉ៃ នៅគ្រប់ស្ថានការណ៍ទាំងអស់ ទាំងនយោបាយក្នុងស្រុក និងក្រៅស្រុក។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានភាពប៉ិនប្រសព្វក្នុងការចាត់ចែងកិច្ចការងារប្រទេសជាតិ មិន​ថា​តែ​រឿង​ក្នុង​ប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោកពិត​ជា​មាន​សមត្ថភាព​ដឹក​នាំខ្ពស់មិនធម្មតា ដែល​អាច​ឈរបានយ៉ាងរឹងមាំ និងស្វាហាប់ ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​បណ្តា​ប្រទេស​នានា​លើសកលលោក។

    នៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅក្នុងភូមិសាស្ត្រនយោបាយបច្ចប្បន្ននេះ ធ្វើ​ឲ្យយើងមើលឃើញកាន់តែច្បាស់ជាក់ស្តែងថា ប្រទេសកម្ពុជាគឺពិតជាមានសំណាងណាស់ ដែល​អាច​បន្ត​រស់​នៅ​ក្នុងសុខសន្តិភាព និងស្ថេរភាពសង្គម​​​​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​កំពុង​ជួប​បញ្ហា​ប្រឈម​​​ជាច្រើន ទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច សង្រា្គម ក៏ដូច​ជា​កំណើន​ខ្ពស់​នៃ​អតិ​ផរ​ណា​​ផង ដែរ។ កម្ពុជាមានសំណាងណាស់ ដែល​បាន​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ​នូវ​ដំណាក់​ការ​ឆ្លង​រាត​ត្បាត​ក្នុង​សហ​គមន៍​ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២១កន្លងទៅ។ មកដល់បច្ចុប្បន្ននេះ ប្រជា​ពល​រដ្ឋ​កម្ពុជា គឺ​មាន​សំណាងណាស់ដែលភាគច្រើនលើសលុបសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង​ដូស​ជំរុញ​ទី៣ ដល់ទី៥រួចទៅហើយ។ នេះជាកក្តាជោគជ័យមួយដែលកម្ពុជា បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហ​គមន៍ ដែល​ធ្វើ​ឲ្យ​កម្ពុជាមានឱកាសងើបឡើងវិញពីវិបត្តិសកលដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ បានលឿន។ ទាំង​នេះ​គឺដោយ​សារ​កម្ពុជា​មាន​មេដឹកនាំ​ដ៏ឈ្លាស​វៃ​និង​ប្រសព្វ​ប្រកប​ដោយ​គតិ​បណ្ឌិត​គឺលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។

    យើងគួរកកត់សំគាល់ថា បើត្រឹមតែកម្ពុជាមានភាពសុខសាន្តដូចបច្ចុប្បន្ននេះ កម្ពុជា​ពិត​ជា​មាន​សំណាង​ធំណាស់​ទៅហើយ ដូច្នេះក្នុងនាមពលរដ្ឋកម្ពុជា យើងគួរតែខិតខំ រួមគ្នាបន្ថែមទៀត ដើម្បីកសាងជាតិយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តរស់ក្នុងភាពសុខសប្បាយ និង​ទទួលបានភាពរីកចំរើនតទៅមុខទៀត៕

    ដោយ៖ ស ជាតិ

    អត្ថបទទាក់ទង