គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាអាចទទួលប្រេងដែលបាត់ចំនួន ៧០%មកវិញ ចំណែក៣០% ឲ្យភាគីកប៉ាល់ និងម្ចាស់បំណុល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២​ |
    កម្ពុជាអាចទទួលប្រេងដែលបាត់ចំនួន ៧០%មកវិញ ចំណែក៣០% ឲ្យភាគីកប៉ាល់ និងម្ចាស់បំណុល កម្ពុជាអាចទទួលប្រេងដែលបាត់ចំនួន ៧០%មកវិញ ចំណែក៣០% ឲ្យភាគីកប៉ាល់ និងម្ចាស់បំណុល

    ភ្នំពេញ៖ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាបានតស៊ូយ៉ាងស្វិតស្វាញ តាមទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ដើម្បីទាមទារយកប្រេងដែលកម្ពុជាបានបាត់បង់ ហើយអាចនឹងទទួលវិលត្រឡប់មកវិញចំនួន ៧០% ចំណែក៣០%ទៀត ឲ្យទៅភាគីកប៉ាល់ និងម្ចាស់បំណុល របស់ក្រុមហ៊ុនគ្រីសអែនឺជី ។

    នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពរបស់ក្រសួងរ៉ែ និងថាមពល រយៈពេល៥ឆ្នាំ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉េង ស័ក្តធារ៉ា មានប្រសាសន៍ថា នារយៈពេលចុងក្រោយនេះ  កំពុងឯកភាពគ្នាគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានម្ចាស់កប៉ាល់, ម្ចាស់បំណុលធំ របស់ក្រុមហ៊ុនគ្រីសអែនឺជី មកចរចារជាមួយភាគីកម្ពុជា ហើយក្រុមហ៊ុនទិញប្រេង បានឯកភាពលើគោលការណ៍ធំៗហើយ ដោយរំពឹងថា នឹងរៀបចំកិច្ចព្រមព្រៀងលម្អិត ដើម្បីចុះហត្ថលេខា និងស្នើសុំគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល នៃការចរចារនេះ ។

    ឯកឧត្តមបានបន្តថា នៅពេលមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាល លើការចរចារនេះ នឹងមានចុះកិច្ចព្រមព្រៀងដោះស្រាយបញ្ហាបានឆាប់ ដោយយើងអាចលក់ប្រេង ហើយយកផលប្រេងនេះ តាមរយៈកិច្ចព្រមព្រៀងប្រេងកាត មកបម្រើផលប្រយោជន៍ជាតិបានវិញ មិនមានការបាត់បង់នោះទេ ។

    រដ្ឋលេខាធិការក្រសួងរ៉ែ បានបន្ថែមថា បច្ចុប្បន្នកប៉ាល់ដឹកនាំប្រេងនេះ កំពុងស្ថិតនៅក្នុងប្រទេសថៃ  ដោយភាគីទាំងអស់ បានពឹងពាក់ភ្នាក់ងារឯករាជ្យមួយទៅត្រួតពិនិត្យកប៉ាល់ ដើម្បីត្រួតមើលថាមានបាត់ប្រេង ឬខូចគុណភាពប្រេង ដោយមានការបញ្ជាក់ពីខាងភ្នាក់ងារនោះ ថាបរិមាណប្រេងមិនមានការបាត់បង់ ហើយគុណភាពប្រេង ក៏មិនមានការខូចខាតដែរ ដោយខាងកប៉ាល់បានគ្រប់គ្រងថែទាំប្រេងនោះបានល្អ ។

    ឯកឧត្តម ម៉េង ស័ក្តធារ៉ា បានបញ្ជាក់ថា ក្នុងពេលវេលានៃការចរចារនេះ តម្លៃប្រេងងើបឡើង រំពឹងថាពេលលក់ប្រេងនេះទៅ អាចទទួលបានចំណូលច្រើនជាងពេលមុនបាត់ ដែលកាលនោះ កម្ពុជាអាចទទួលបានពីការលក់ប្រេងនោះ ត្រឹមប្រមាណ៤លានដុល្លារ ក្នុងបរិមាណប្រេងជិត ៣០បារ៉ែល ខណៈបច្ចុប្បន្នកម្ពុជា កំពុងទាមទារយកចំនួន ៧០ភាគរយ ដែលក្នុងនោះចំនួន ២៦ភាគរយ ឲ្យទៅភាគីកប៉ាល់ និង៤ភាគរយ ទៅខាងភាគីម្ចាស់បំណុល  ។

    គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលប្រេង តាមរយៈការរុករករបស់ក្រុមហ៊ុន គ្រីសអែនឺជី ចំនួនជាង២៩ប៉ារ៉ែល ហើយសារក្រុមហ៊ុននេះ ជំពាក់បំណុលគេ និងប្រកាសក្ស័យធននោះ កប៉ាល់ដឹកប្រេងរបស់កម្ពុជានេះ នៅឆ្នាំ២០២១ ក៏បានបើកយកទៅប្រទេសថៃ រហូតដល់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបានអាជ្ញាធរប្រទេសនេះឃាត់ ដោយភាគីកម្ពុជាក៏បានធ្វើការចរចារក្នុងការនាំប្រេងនេះមកវិញ ប៉ុន្តែមិនទទួលជោគជ័យទេ ហើយកប៉ាល់នោះបានទៅដល់ប្រទេសបង់ក្លាដេស និងចុងក្រោយនេះ បានត្រឡប់ និងស្ថិតនៅក្នុងប្រទេសថៃ ៕

    BTVNews

    អត្ថបទទាក់ទង