គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        កម្ពុជា ប្តេជ្ញាចិត្តយ៉ាង​ម៉ុតមាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ទោះអាមេរិក​ដាក់​ចូល​បញ្ជី​ខ្មៅ​ក្តី

        ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២​ |
        កម្ពុជា ប្តេជ្ញាចិត្តយ៉ាង​ម៉ុតមាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ទោះអាមេរិក​ដាក់​ចូល​បញ្ជី​ខ្មៅ​ក្តី កម្ពុជា ប្តេជ្ញាចិត្តយ៉ាង​ម៉ុតមាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ទោះអាមេរិក​ដាក់​ចូល​បញ្ជី​ខ្មៅ​ក្តី

        ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស បានថ្លែង​អះអាងថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បាន​ខិតខំ​ប្រឹងប្រែង​ប្រក​បដោយ​ឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះ​បី​អាមេរិក​ដាក់​ចំណាត់​ថ្នាក់​បែប​ណាក៏ដោយ ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់​ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សរបស់ខ្លួនដែរ។

        ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃ​អំពើ​ជួញ​ដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ កាល​ពី​រសៀល​ម្សិល​មិញ នេះសម្តេចក្រឡាហោម ស ខេង បាន​សង្កត់​ធ្ងន់​ថា​ «យោង​តាម​ផែន​ការ​ប្រតិបត្តិការ​បង្កើន​ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃកម្ពុជា បានប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏​ដូច​ជា​ជន​បរទេស ដែលរស់​នៅ​កម្ពុជា​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះភ័យ​អន្តរាយ​ដោយ​អំពើ​ទាសភា​ព​សម័យ​ថ្មី​នេះ​បាន​ឡើយ»។

        សម្តេចក្រឡាហោមប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​អំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និង​វិធានការ​ជា​អាទិភាព ព្រមទាំងដឹកនាំអនុវត្តកិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រម​ទាំង​បាន​បើក​កិច្ច​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និង​បាន​ឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យផងដែរ។

        សម្តេចក្រឡាហោម ក៏បានឲ្យដឹងផងដែរថា ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និង​ការ​ធ្វើ​ពលីកម្ម​យ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្ម​ផ្លូវ​ភេទ​បាន​ញ៉ាំង​ឱ្យ​អំពើ​ល្មើស​ទាំង​នេះ​កាត់​បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មា​ន​ភាព​ស៊ីវិល័យ​សមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់​ដែល​បង្ក​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់នោះ។

        ទោះជាយ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា កម្ពុជា​នៅ​មាន​សេស​សល់​បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំង​កត្តា​សត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បាន​ជះ​ឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់​ដល់​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។ អាស្រ័យហេតុនេះ ដើម្បី​ជំរុញ​ឱ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​នូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕

        BTVNews

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង