ភ្ញៀវទេសចរបរទេសចាប់ផ្ដើមមានកំណើនគួរឲ្យកត់សម្គាល់ ខណៈភាគច្រើននៅតាមទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានចំនួនរហូតដល់ជាង ២៤ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តជុំវិញប្រទេសកម្ពុជា ក្នុងសប្ដាហ៍ដំបូងនៃខែសីហានេះ។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជាង ២២ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួនជាង ២ម៉ឺននាក់។
ចំពោះកំណើនភ្ញៀវទេសចរនេះ នៅទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ទទួលបានការចូលទស្សនាច្រើន។ ជាក់ស្ដែងសម្រាប់សារមន្ទីរជាតិ ដែលមានទីតាំងជិតព្រះបរមរាជវាំង គឺមានភ្ញៀវទេសចរជាតិប្រមាណ ១០០ទៅ ១៣០ នាក់ចូលទស្សនារៀងរាល់ថ្ងៃ ហើយក៏មានភ្ញៀវទេសចរជាតិចូលទស្សនាប្រមាណ ១២០ ទៅ១៥០នាក់ក្នុង១ថ្ងៃផងដែរ។
ទីតាំងសំខាន់មួយទៀត គឺស្ថិតនៅសារមន្ទីរទួលស្លែង ចំនួនភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ នេះជាការលើកឡើងរបស់ លោក ហង្ស និស្ស័យ ជាប្រធានសារមន្ទីរ។ លោក បញ្ជាក់ថា ភ្ញៀវទេសចរបរទេសបានកើនឡើងពីប្រមាណ ៥០ ទៅ ៦០នាក់ក្នុង១ថ្ងៃ មកដល់ចំនួនជាង ២០០នាក់ក្នុងពេលនេះ។ លោក ក៏សង្ឃឹមថា ចំនួនភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើងផងដែរ។
លើកឡើងដូចគ្នាផងដែរ លោក ថុង សុំផល្គុន ជាមគ្គុទេសទេសចរណ៍មួយរូប ដែលកំពុងជូនភ្ញៀវបរទេសមួយក្រុមទស្សនាក្នុងសារមន្ទីរទួលស្លែង បង្ហាញនូវភាពសប្បាយចិត្ត។ ភាពសប្បាយចិត្ត ដោយសារបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរបរទេសបន្តកើនឡើង ដែលអាចជួយដល់ជីវភាពរបស់លោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍ដទៃទៀត អាចទទួលបានអត្ថប្រយោជន៍។
ចំពោះភ្ញៀវទេសចរបរទេស ដែលភាគច្រើនជាដំណើរកម្សាន្តមកកម្ពុជាជាលើកទីមួយ បានលើកឡើងពីការពេញចិត្តចំពោះកម្ពុជា ដោយប្រជពលរដ្ឋរួសរាយរាក់ទាក់ ទេសភាពស្អាត មានប្រវត្តិសាស្រ្ត និងរឿងជាច្រើនដែលមានភាពទាក់ទាញ។ ពួកគាត់ ក៏លើកឡើងដែរថា កម្ពុជា ជាជម្រើសដ៏ល្អមួយក្នុងការដើរកំសាន្តសម្រាប់ជនបរទេស។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ទីតាំងសំខាន់ដែលស្រូបទាញភ្ញៀវទេសចរបានច្រើនជាងគេ គឺខេត្តសៀមរាប បន្ទាប់មកគឺខេត្តព្រះសីហនុ កំពត កែប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ៕
BTVNews