គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កំពុងផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅ​តំបន់​ការពារ​ធម្មជាតិ​នៅ​ស្រុកចំនួន២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២​ |
    អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កំពុងផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅ​តំបន់​ការពារ​ធម្មជាតិ​នៅ​ស្រុកចំនួន២ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កំពុងផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅ​តំបន់​ការពារ​ធម្មជាតិ​នៅ​ស្រុកចំនួន២

    បន្ទាយមានជ័យ៖  អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងពិនិត្យផ្ទៀងផ្ទាត់ និង​វាយត​ម្លៃ​ដើម្បី​ឆ្វៀល​សម្រប​សម្រួល​ព្រំដី នៅ​តំបន់ការពារធម្មជាតិនៅក្នុងស្រុកថ្មពួក និងស្រុកភ្នំស្រុក ដើម្បី​ចែក​ជូន​ពលរដ្ឋ ដែលបានអាស្រ័យផលជាយូរមកហើយ ។

    ក្នុង​ពិធីសំណេះសំណាល ជាមួយពលរដ្ឋ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២២ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយ​មាន​ការ​គិតគូរ​ដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលការណ៍កាត់ឆ្វៀល និង​កំណត់​ព្រំ​ដី​ការពារធម្មជាតិ ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ ។

    ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ទើប​រដ្ឋ​បាល​ខេត្ត​បាន​បើក​កិច្ច​ប្រជុំ​បង្កើត ជាមួយក្រុមការងារគណៈកម្មការ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និង​វាយ​តម្លៃ​ឡើង​វិញ​អំពី​សំណើ​សុំ​កែ​សម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋ ដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន​២ក្រុម ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងនៅស្រុកភ្នំស្រុក ដែលបាន​នឹង​កំពុង​ធ្វើ​សកម្មភាពការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបានរួចរាល់ឆាប់រហ័ស ។

    ក្នុងនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូល​រួម​សហការ​ជា​មួយ​ក្រុម​ការងារ​ចម្រុះ​របស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បី​ផល​ប្រយោជន៍​បងប្អូន និងសហគមន៍ ។

    ជា​មួយនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមថែទាំ និង​ការពារ​តំបន់ព្រៃធម្មជាតិឲ្យបានល្អ ដើម្បីក្លាយជាព្រៃឈើបៃតងស្អាត ហើយ​ជៀស​វាង​ការ​កាប់​បំផ្លាញ​ត​ទៅ​ទៀត​ផង​ដែរ៕

    ពាក្យគន្លឹះទាក់ទង