៥ឆ្នាំចុងក្រោយ កម្ពុជាសម្រេចការវិនិយោគលើវិស័យសំណង់បានជិត ២ម៉ឺនគម្រោង ទុនវិនិយោគសរុប ៣១ ៤៨៤លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេស មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩ ៣២២ គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣១ ៤៨៤ លានដុល្លារអាមេរិក។ ការវិនិយោគដែលសម្រេចបានក្នុងនោះរួមមាន៖
– ឆ្នាំ២០១៨ មាន ៣ ២៩០ គម្រោង ផ្ទៃក្រឡាសំណង់ ១២ ៣៧៨ ១១៩ ម៉ែត្រការ៉េ ទុនវិនិយោគ ៥ ៧៥៥ លានដុល្លារអាមេរិក។
– ឆ្នាំ២០១៩ មាន ៤ ៨៨៨ គម្រោង ផ្ទៃក្រឡាសំណង់ ២៣ ២៥៧ ៤១៤ ម៉ែត្រការ៉េ ទុនវិនិយោគ ១១ ៤៣៧ លានដុល្លារអាមេរិក
– ឆ្នាំ២០២០ មាន ៤ ៨៤១ គម្រោង ផ្ទៃក្រឡាសំណង់ ១៦ ៩៦៥ ៧៥១ ម៉ែត្រការ៉េ ទុនវិនិយោគ ៧ ៧៥៣ លានដុល្លារអាមរិក
– ឆ្នាំ២០២១ មាន ៤ ៣០៣ គម្រោង ផ្ទៃក្រឡាសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ ទុនវិនិយោគ ៥ ៣៣៣ លានដុល្លារអាមេរិក
– ៦ខែ ឆ្នាំ២០២២ មាន ២ ០០០ គម្រោង ផ្ទៃក្រឡាសំណង់ ២ ៨៥៩ ៨៧៧ ម៉ែត្រការ៉េ ទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។
ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នេះ បើគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនជាង ៥៧ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាមេរិក ក្នុងនោះការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេស មានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង៕